(ភ្នំពេញ)៖ ក្នុងចំណោម៥០ម៉ឺនសហគ្រាស ដែលធ្វើអាជីវកម្មនៅកម្ពុជា ក្នុងនោះស្រ្ដីមានជាម្ចាស់សហគ្រាសច្រើនជាងបុរស ដែលមានរហូតដល់៦០ភាគរយ ខណៈដែលបុរសគ្រប់គ្រងបានតែជាង៣០ភាគរយ នេះបើតាមការលើកឡើងរបស់ លោស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជា (CWEA) ថ្លែងក្នុងទិវាសហគ្រិន «ស្វែងយល់ពីភាពអស្ចារ្យ របស់ខ្លួនឯង»។
លោកស្រី កែវ មុំ បានថ្លែងថា «ក្នុងចំណោម៥០ម៉ឺនសហគ្រាស អាជីវកម្មស្រ្ដីមានច្រើនជាងបុរសរហូតដល់៦០ភាគរយ ប៉ុន្ដែចំនួនប្រាក់ចំណូលរបស់ស្រ្ដីជាអាជីវករ មានចំណូលតិចជាងបុរស គឺដោយសារអាជីវកម្មស្រ្ដីភាគច្រើន ជាខ្នាតមីក្រូដែលជាខ្នាតតូច និងខ្នាតមធ្យម ដែលបណ្ដាលឲ្យប្រាក់ចំណូល មានតិចតួចជាងបុរស ព្រោះអាជីវកម្មរបស់បុរស គឺខ្នាតមធ្យម និងខ្នាតធំ ដែលជាហេតុធ្វើឲ្យប្រាក់ចំណូល របស់បុរសច្រើនជាងស្រ្ដី»។
លោកស្រីបានបន្ដទៀតថា ជាទូទៅស្រ្ដីមានផលលំបាកច្រើន ក្នុងការបង្កើតអាជីវកម្ម ឲ្យមានភាពលេចធ្លោរឡើងដូចជាបុរស ព្រោះប្រពៃណីទំនៀមទំលាប់ខ្មែរ បានប្រកាន់ភ្ជាប់នូវច្បាប់ស្រី ដែលតម្រូវឲ្យស្រ្ដីត្រូវមើលថែផ្ទះ មើលថែកូន ឪពុកម្ដាយ ដែលជាហេតុធ្វើឲ្យការបង្កើតអាជីវកម្មបាន គឺមានតែធ្វើក្នុងផ្ទះ នឹងមានលក្ខណៈតូច និងមធ្យម ដើម្បីយកពេលវេលាជាធំ រៀបចំផ្ទះជាងអាជីវកម្ម។
លោស្រីប្រធានសមាគមសហគ្រិនស្រ្ដីបានបញ្ជាក់ថា «បច្ចុប្បន្នគឺមានការជំរុញ និងលើកទឹកចិត្តដល់ស្រ្ដីច្រើន ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការលើកទឹកចិត្ត ដល់សមភាពយែនឌ័រផងដែរ។ សមាគមស្ដ្រីកម្ពុជាបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់សហគ្រាសសហគ្រិន ដែលជាស្រ្ដីទាំងឡាយមកចូលរួម ក្នុងសង្គមជាពិសេស ជាការចូលរួមវគ្គបណ្ដុះបណ្ដាលជាច្រើន ដែលរៀបចំដោយសមាគមស្ដ្រី ក្នុងការជួយពង្រឹងសមត្ថភាព ភាពអង់អាចក្លាហាន ដើម្បីឲ្យពួកគាត់មានចំណេះដឹង កាន់តែច្រើននឹងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តន៍ ពង្រីក ពង្រឹង អាជីវកម្មរបស់ខ្លួន បានយ៉ាងងាយស្រួល»។
សូមបញ្ជាក់ថា បច្ចុប្បន្នស្រ្ដីដែលជាម្ចាស់អាជីវកម្មនៅកម្ពុជា មាន២៩ភាគរយ ធ្វើអាជីវកម្មទាក់ទងនឹងការនាំចេញនាំចូល ការចែកចាយ សិប្បកម្ម វាយនភណ្ឌ និងការលក់រាយជាដើម។ ដោយឡែក២៣ភាគរយទៀត ធ្វើអាជីវកម្មទាក់ទង និងការផ្ដល់សេវាកម្ម ទៅលើផ្នែកសម្ផស្ស និងសុខភាព អាហារ និងផ្នែកបដិសណ្ឋាកិច្ច ហើយនឹងមានផ្នែកអចលនទ្រព្យ និងសំណង់ទៀតផង។
នេះជាលើកទី៣ហើយ ដែលសមាគមសហគ្រិនស្រ្ដីកម្ពុជា (CWEA) រៀបចំទិវាសហគ្រិនស្រ្ដី WED នៅកម្ពុជា ដោយមានការចូលរួមគាំទ្រ ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសហគ្រិនសកលដើម្បីស្រ្ដី៕