(ក្រចេះ)៖ កម្លាំងការិយាល័យកម្រិតធ្ងន់ខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននរគបាលស្រុកសំបូរ ខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់ថែមទៀត ពាក់ព័ន្ធក្នុងករណីសម្លាប់ស្រ្តីរងគ្រោះនៅស្រុកសំបូរ កាលពីពេលកន្លងទៅ។ ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខណៈបក្ខពួក៣នាក់ ត្រូវចាប់ខ្លួនបានកាលពីថ្ងៃទី២២ ខែតុលា ឆ្នំា២០១៤ នៅចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយដែរ។
យោងតាមរបាយការណ៍របស់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ក្រោយពីបានទទួលដីការបង្គាប់ឲ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលចេញដោយលោកស្រី គឹម សុគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជំរះ សាលាដំបូងខេត្តក្រចេះ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យឈ្មោះ ខេន ខន ហៅខ្វង់ ឬខេន ឃង់ អាយុ២៦ឆ្នាំ ជនជាតិព្នង រស់នៅភូមិស្រែត្រែង ឃុំ ក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ។
លោកវរសេនីយ៍ទោ ហួត លឹមហ៊ាង បញ្ជាក់ថា ស្ដ្រីជនរងគ្រោះដែលជនដៃដល់សម្លាប់ មានឈ្មោះ អំផាច មុំ អាយុ ៣២ ឆ្នាំ រស់នៅក្នុងភូមិ ស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ សម្រាប់ជនបង្ក និងជនរួមគំនិតមានទី១៖ឈ្មោះ ប្រែ យ៉ន អាយុ៥៦ឆ្នាំ (ជាប្តី) ទី២៖ឈ្មោះ យ៉យ អេន អាយុ៥៧ឆ្នំា ត្រូវជាប្រពន្ធ ចំណែកជនដៃដល់ ទី១៖ឈ្មោះ ចក់ ណែន អាយុ២៦ឆ្នាំ ទី២៖ឈ្មោះ ខេន ខន ហៅ ខ្វង់ ឬ ខេន ឃង់ ទើបតែចាប់បាន៕