(ពោធិ៍សាត់)៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ឪពុក និងកូន២នាក់ យកទៅសួរនាំសង្ស័យពាក់ព័ន្ធក្នុងករណីបាញ់សម្លាប់ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ដែលកំពុងបិទទ្វារបង ដើម្បីកុំឲ្យគោក្របី ទៅស៊ីដំណាំគេនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រោលគោក្បែរផ្ទះជនរងគ្រោះ ខាងត្បូងផ្លូវរថភ្លើង ៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនសង្ស័យទាំង២នាក់ ឪពុក និងកូនត្រូវបានសមត្ថកិច្ច ហៅទៅសួរនាំតាំងពីថ្ងៃម្សិលមិញ រហូតមកដល់រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តែមិនទាន់ធ្វើការចោទប្រកាន់ និងសម្រេចយ៉ាងណានោះទេ។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវឃាតកបាញ់នឹងកាំភ្លើង AK-47 ចំនួន ៤គ្រាប់ ខុស១គ្រាប់ និងត្រូវ៣គ្រាប់ចំត្រចៀកធ្លាយខួរ និងក្រោមក្លៀកខាងស្តាំនោះ មានឈ្មោះ សុះ ទា អាយុ៦៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិសង្កាត់កើតហេតុខាងលើ។
ក្រោយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តពោធិ៍សាត់ បានទៅដល់កន្លែងកើតហេតុ និងពិនិត្យស្រាវជ្រាវបន្តបន្ទាប់ ពីកន្លែងមួយទៅកន្លែងមួយរួចមក ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ឪពុក និងកូន ដែលប៉ុន្មានថ្ងៃកន្លងមក ធ្លាប់ទាស់ពាក្យសម្តីជាមួយជនរងគ្រោះ ទី១-ឈ្មោះ ឡុង ឈឺន អាយុ៥៧ឆ្នាំ ជាអតីតយុទ្ធជន (ជាឪពុក) និងទី២-ឈ្មោះ ឡុង ប៊ុនធឿន អាយុ២៣ឆ្នាំ ជាកសិករ (ជាកូន) រស់នៅភូមិសង្កាត់ជាមួយជនរងគ្រោះ។
ប្រជាពលរដ្ឋនៅតំបន់នោះ បានឲ្យដឹងផងដែរថា ជនរងគ្រោះមានគោក្របីជាច្រើន ហើយធ្លាប់លែងគោក្របីស៊ីដំណាំរបស់ពួកគេ។ ជាមួយគ្នានេះ ជនរងគ្រោះក៏ធ្លាប់កាងដីព្រៃនៅចំណុចជន្ទល់កូន មិនឲ្យនរណាវាទទីយកផងដែរ ពោលគឺសម្រាប់តែម្នាក់ឯង។
គួរបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋប្រមាណជាង ៧០នាក់ មកប្តឹងតវ៉ាសុំដោះលែងជនសង្ស័យទាំង ២នាក់ ឪពុក និងកូន ជាការឆ្លើយតបសមត្ថកិច្ចនឹងបន្តសួរចម្លើយ តាមនីតិវិធីបន្តទៀត ខណៈដែលមិនទាន់មានភស្តុងតាងជាក់ស្តែង ដើម្បីចោទប្រកាន់ជនល្មើស៕