(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១០ខែ ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋប្រមាណជាង៩លាននាក់ បានប្រើប្រាស់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសកម្ពុជា។

របាយការណ៍ស្ថិតិរបស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានពិនិត្យ ពិគ្រោះជំងឺក្រៅចំនួន៩,០៤៤,៥៧៥ករណី ក្នុងនោះករណីថ្មីចំនួន៨,១៥០,១៤៤ករណី។

ប្រជាពលរដ្ឋដែលមកទទួល ការពិនិត្យពិគ្រោះជំងឺ ទាំង៩,០៤៤,៥៧៥ករណី ទទួលបានការគាំទ្រក្រោមកម្មវិធីមូលនិធិសមធ៌ ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ចំនួន១,១៩៣,០៥០ករណី និងទទួលបានលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំនួន៨៩៦,៦៧១ករណី។

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា រយៈពេល១០ខែដើមឆ្នាំនេះ មានប្រជាពលរដ្ឋដែលត្រូវសម្រាលកូន សរុបចំនួន២៥២,៩៧២នាក់ ក្នុងនោះសម្រាល នៅមណ្ឌលសុខភាព ចំនួន១៤៩,១២៩នាក់។ ក្នុងចំណោមអ្នកសម្រាលកូនទាំងអស់ មាន១៧,៨៥៨នាក់ គាំទ្រដោយ កម្មវិធីមូលនិធិសមធ៌ របស់រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ ខណៈ១២,២១៥នាក់ ទទួលបានការលើកលែងការបង់ថ្លៃសេវា របស់រាជរដ្ឋាភិបាល៕