(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ កងពលតូចលេខ៧០ នឹងបញ្ជូនកម្លាំងចំនួន៧៦ ចូលរួមលំហាត់ «នាគមាស ២០១៦» រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ សមយុទ្ធនេះ នឹងត្រូវបានធ្វើឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ប្រឆាំងភេវកម្ម នៅសាលាកងទ័ពជើងគោលក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីទទួលការស្វាគមន៍ គណៈប្រតភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ នាយឧត្តមសេនីយ៍ វ៉ាង ចាវឆឹង មេបញ្ជាការតំបន់ភាគខាងត្បូវ នៃកងទ័ពរំដោះប្រជាជនចិនមកបំពេញទស្សនកិច្ចជាផ្លូវការ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ នៅព្រឹកថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងបន្ថែមថា គោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី និងជា នាយឧត្តមសេនីយ៍ផ្ដាយមាសប្រាំផុតលេខកម្ពុជា បានប្រកាន់ភ្ជាប់នូវទំនាក់ទនងមិត្តភាព សហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេស ដោយឈរលើ គោលការណ៍ស្មើរភាព ពង្រឹងពង្រឹកកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសអាស៊ាននានា ខិតខំសមារណកម្មអាស៊ានក្នុងឆ្នាំ២០១៥។
ទន្ទឹមនឹងនោះ លោកឧត្ដមសេនីយ៍ ក៏បានស្នើសុំដល់ភាគីចិនចំនួន៤ ចំណុចទៀតរួមមាន ៖ ជួយផ្ដល់គ្រូមកហ្វឹកហ្វឺនដល់កងទ័ពពិសេសរបស់កម្ពុជា ដើម្បីបង្កើនសមត្ថភាពក្នុងការការពារ ,សើ្នសុំចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពការពារទីបញ្ជាការតំបន់ភាគខាងត្បូង ឬកងពលចំណុះទីបញ្ជាការ តំបន់ភាគខាងត្បូង, ស្នើសុំដល់ការជួយសាងសង់អគារ ឬទីលានសម្រាប់សាលាហ្វឹកហ្វឺនថ្នាក់វរសេនាតូចចម្រុះ នៅតំបន់ភ្នំជុំគិរី ខេត្ដកំពត និងស្នើសុំសម្ភារៈ និងឧបករណ៍សម្រាប់ស្ថិរភាពទីក្រុងភ្នំពេញជាដើម។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វ៉ាង ចាវឆឹង បានថ្លែងថា លោកសូមកោតសរសើរ ដល់កងពលលេខ៧០ ក្នុងការការពាររាជធានីភ្នំពេញ ការពារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ ពិសេសនោះ កងពលតូចលេខ៧០ បានបង្កើននូវការហ្វឹកហ្វឺន ក៏ដូចជាការកសាងសមត្ថភាពបានយ៉ាងល្អ ហើយទទួលតួនាទីដ៏សំខាន់ ក្នុងការទុកចិត្ដរបស់រាជរដ្ឋាភិបាលផង និងទទួលបន្ទុក ក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្ដ របស់កងទ័ពរហូតទៅដល់៧០% របស់ក្រសួងការពារជាតិ ព្រមទាំងការរៀបចំ ការប្រយុទ្ធបានល្អជាងគេ ហើយមានការអភិវឌ្ឍគ្រប់វិស័យផងដែរ៕