(ភ្នំពេញ)៖ សៀវភៅបិតាកំណាព្យខ្មែរ ដ៏ល្បីល្បាញដែលគេឲ្យងារថាជា «អ្នកប្រាជ្ញវោហារសាស្ត្រ អ៊ុកអ៊ូ ហៅ ង៉ុយ (ក្រមង៉ុយ)» ចំនួន១,៥០០ ក្បាល នឹងត្រូវចែកជូនដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត គ្រូបង្រៀន និង អ្នកដែលនិយម ចូលចិត្តអានសៀវភៅ តែមានជីវភាពក្សត់ខ្សោយ នៅសបា្តហ៍ក្រោយ ពោលគឺចាប់ពីថ្ងៃទី ២-៤ ខែធ្នូ ២០១៦ ។
លោក ពុយ គា អ្នកសារព័ត៌មានខ្មែរ និងជាអ្នកស្រាវជ្រាវមួយរូប បានរៀបរៀងបោះពុម្ពផ្សាយឡើងវិញនូវស្នាដៃ របស់អ្នកប្រាជ្ញវោហារសាស្ត្រខ្មែរខាងលើ បានលើកឡើងថា សៀវភៅចំនួន១,៥០០ក្បាល ដែល លោកនឹងចែកជូន នៅឯពិព័ណ៍សៀវភៅកម្ពុជាលើកទី៥ នៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី ២-៤ ខែធ្នូ ២០១៦។ សៀវភៅចំនួន១,៥០០ក្បាល គឺជាអំណោយរបស់សប្បុរសជន ដែលលោកយល់ថាការរួមចំណែក បែបនេះនឹងជួយមួយផែ្នកដល់ការលើកតម្កើងវិស័យអំណាន នៅកម្ពុជា និងជួយក្រើនរំលឹកអប់រំដល់យុវជនផងដែរ។ អ្នកកាសែតរូបនេះបានបនែ្ថមថា លោកនឹងសែ្វងរកសប្បុរសជនបន្តទៀត ដើម្បីបោះពុម្ពបនែ្ថម និងចែកជូនដល់សាលារៀន និងវត្តអារាម នៅតំបន់ឆ្ងាយៗ និងដាច់ស្រយាល។
ជាថ្មីម្តងទៀត លោក ពុយ គា ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ហើយសង្ឃឹមថាការចូលរួមបរិច្ចាកទាំងនេះ នឹងនាំទៅជាវិញ្ញាណ រស់មួយនិងជាចរន្តបន្តលើកទឹកចិត្តដល់អ្នកអាន និងឲ្យតម្លៃលើ វិស័យអប់រំនៅកម្ពុជា ដែលជាមូលដ្ថានគ្រឹះក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចំរើនឆ្ពោះទៅមុខ។ អ្នកដែលទទួលបានសៀវភៅក្រមង៉ុយ នឹងនឹកឃើញដល់សប្បុរសជន ដែលមានឈ្មោះនៅលើសៀវភៅទាំងនោះ។
សៀវភៅកម្រាស់ ១៤១ ទំព័រ ជាកម្រងកំណាព្យចុងជួន តាំងពីដើមដល់ចប់ បានបង្កប់នូវអត្ថន័យអប់រំ និងរំលឹកដាស់តឿនដល់មនុស្សស្ទើរគ្រប់ស្រទាប់វណ្ណៈទាំងស្រីទាំងប្រុស និងជាពិសេសយុវជនឲ្យស្គាល់បុណ្យ ស្គាល់បាប ស្គាល់ចាស់ ស្គាល់ទុំ និងរបៀបរើសគូរអនាគត (ប្តី ប្រពន្ធ) ឲ្យបានសមបំណង។
កំណាព្យរបស់ក្រមង៉ុយ ត្រូវបានចាស់ៗនិងគ្រូបង្រៀនលើកមកតំណាលតៗគ្នា ឲ្យកូនចៅ និងសិស្ស ស្តាប់នូវឃ្លាឃ្លោងដ៏ពេញនិយមដូចជា៖
- កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឲ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំចេះតែក្រ។
- បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។
- កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្តិ ចង់គង់ប្រយោជន៍ ឲ្យចេះប្រយ័ត្ន ពាក្យឪមួយម៉ាត់ ឲ្យគិតមួយម៉ោង។
- កុំឃ្លានចំណី កុំខ្លាចអត់ប្តី កុំភ័យខ្លាចចាស់ មើលមុខឯងផង កុំរើសឥតខ្មាស់ ខ្លួនល្អស្រលះ មិនខ្វះគេស្តី។
- កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ។
- កុំឆ្មើងអាងបុណ្យ ស្រដីឱ្យទន់ ពោលពាក្យពីរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្ដិយស កុំឆ្លៀតនាំ ឈ្លោះ ញុះញង់អ្នកធំ។
សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ៖ ០១២៩០៨៨៤០/០១៥៣៣៦៧៨៩៕