(ភ្នំពេញ)៖ អ្នកនាំសម្តែងវ័យក្មេង របស់ផលិតកម្មទីក្រុងភាពយន្ត លោក ប៊ុន រតនា ហៅសេម បានបញ្ជាក់ថា នៅថ្ងៃនេះ លោកត្រូវចាកចេញពីប្រទេសកម្ពុជា ទៅបន្តការសិក្សាជំនាញផលិតភាពយន្តនៅប្រទេសថៃបន្តទៀត ហើយនៅពេលបញ្ចប់ការសិក្សា ឆ្នាំ២០១៧ ខ្លួននឹងយក​ចំណេះដឹង​ទាំងនោះ ចែករំលែក​ដល់​ប្អូនៗ ដែលមាន​ជីវភាព​ខ្វះខាត និង​កុមារកំព្រា ដែល​ចង់ចេះ​ជំនាញភាពយន្ត​នេះ ដោយ​មិន​គិត​ប្រាក់​។

អ្នកដឹកនាំ​វ័យក្មេង របស់​ផលិតកម្ម​ថោ​នរូបនេះ បញ្ជាក់ថា ការចេញទៅរៀនជំនាញបន្ថែមនេះ គឺ​ក្រុមហ៊ុន​ទីក្រុង​ភាពយន្ត​ថោ​ន ជាអ្នករៀបចំបញ្ជូន​អោយទៅបន្តការសិក្សា លើ​ជំនាញ​ផលិតភាព​យន្ត ដើម្បី​បង្កើន​គុណភាព ក្នុង​ការផលិតបន្ថែមទៀត​។​

លោក ​ប៊ុន រតនា បាន​បញ្ជាក់ថា «​ថ្ងៃនេះ​ខ្ញុំ​ត្រូវ​ចេញទៅ​បន្ត​ការសិក្សារ លើ​ជំនាញផលិតភាព​យន្ត បន្ទាប់ពី​រៀន​ចប់​ត្រលប់​មកវិញ​ខ្ញុំ​រីករាយ នឹង​ចែករំលែក ចំណេះដឹង​នេះ ដល់​ប្អូនៗ ដែលមាន​ជីវភាព​ខ្វះខាត និង​កុមារកំព្រា​ដែល​ចង់​ចេះ​ជំនាញ​ភាពយន្ត​នេះ ដោយ​មិន​គិត​ប្រាក់​។ សូម​បងប្អូន នៅ​បន្ត គាំទ្រ វិស័យ​ភាពយន្ត​ខ្មែរ​បន្តទៀត ដើម្បីជា​កំលាំងចិត្ត​ដល់​ផលិតក​ខ្មែរ​ទាំងអស់គ្នា ផលិត​បាន​នូវ​ភាពយន្ត​ល្អៗ អាច​នឹង​ប្រកួតប្រជែង​ជាមួយ​បរទេស​បាន​...»

​លោក ប៊ុន រតនា ត្រូវបានគេស្គាល់ និង​ទទួល​បានការ​កោត​ស​សើរ ពី​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំផងដែរ តាមរយៈចំពោះ​បទ​ចម្រៀង មួយ​បទ​មានចំណងជើង​ថា «​ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​»​ ដែលជាស្នាដៃរបស់ផលិតកម្ម ទីក្រុងភាពយន្តថោន។​ បន្ថែមលើសពីនេះ ស្នាដៃដឹកនាំចុងក្រោយ ដែលលោក ប៊ុន រតនា បានបញ្ចេញយ៉ាងសម្រឹតសម្រាំងនោះ គឺបទ «ឧត្តមស្វាមី» ដែលជាបទចម្រៀងមួយបទ រៀបរាប់ពីបុរសជាស្វាមី មានភក្តីភាព ចំពោះភរិយា និងគ្រួសារ នឹងបង្ហាញរូបរាង ក្នុងពេលឆាប់ៗខាងមុខនេះ៕