(ព្រះសីហនុ)៖ មេបញ្ជាការរងកងទ័ពជើងទឹក លោកឧត្តមនាវីឯក ទៀ សុខា កាលពីប៉ុន្មានថ្ងៃមុននេះ បានដឹកនាំក្រុមការងារ ជាមន្រ្តីយោធាជើងទឹកចំនួន៤នាក់ផ្សេងទៀត ចុះទៅក្រោមបាតសមុទ្រកោះតាង និងកោះដំឡូង ខេត្តព្រះសីហនុ ដើម្បីផ្តិតយករូបភាពធនធានធម្មជាតិដ៏ស្រស់ស្អាត និងទាក់ទាញយ៉ាងច្រើន ជាពិសេសផ្កាថ្ម និងពពួកមច្ឆាតែម្តង មកដាក់បង្ហោះបង្ហាញដល់ពលរដ្ឋខ្មែរមើលឃើញថា «ធនធានធម្មជាតិនៅក្រោមទឹកសមុទ្ររបស់ប្រទេសកម្ពុជា មិនចាញ់នៅក្រោមបាតសមុទ្រប្រទេសគេនោះទេ»។
លោក ទៀ សុខា និងក្រុមការងារបានចំណាយពេលប្រមាណ៤០នាទី ដើម្បីចុះផ្តិតរូបភាពទាំងឡាយនៅក្រោមបាតសមុទ្រត្រឹមជំរៅ១៦ម៉ែត្រ។ តាមរយៈទិដ្ឋភាពធនធានធម្មជាតិនៅក្រោមបាតសមុទ្រ ដែលត្រូវលោកបង្ហោះតាមបណ្តាញសង្គម Facebook នោះ មើលទៅពិតស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង ហើយក៏អាចបង្កើតជាគោលដៅទេសចរណ៍មួយផងដែរសម្រាប់ពលរដ្ឋខ្មែរ និងបរទេសផងដែរ។
លោកឧត្តមនាវីផ្កាយ៣វ័យក្មេង ទៀ សុខា បានបញ្ជាក់នៅលើ Page Facebook យ៉ាងដូច្នេះថា «កន្លងមកខ្ញុំធ្លាប់តែទស្សនា រូបភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាត នៅប្រទេសគេ តាមរយៈកញ្ចក់ទូរទស្សន៍ តែពេលនេះខ្ញុំបានមើលឃើញដោយផ្ទាល់ នូវទេសភាពដ៏ស្រស់ត្រកាល នៃហ្វូងមច្ឆា ផ្កាថ្ម និងពពួកសត្វជាច្រើនទៀត ក្នុងបាតសមុទ្រកោះតាង ខេត្តព្រះសីហនុ របស់កម្ពុជាយើង។ ហ្វូងមច្ឆា ផ្កាថ្ម និងជីវៈចំរុះ ក្នុងបាតសមុទ្រកោះតាងនេះ ពិតជាស្រស់ស្អាតណាស់ មិនចាញ់បាតសមុទ្រប្រទេសដ៏ទៃទៀតនោះទេ។ សូមចូលរួមជួយការពារធនធានធម្មជាតិ និងបរិស្ថានរបស់កម្ពុជាយើង ដើម្បីខ្លួនឯង ដើម្បីកូនចៅយើង នឹងដើម្បីប្រទេសជាតិយើង។ ខ្ញុំសូមប្តេជ្ញាថា និងការពារថែរក្សា ធនធានធម្មជាតិបាតសមុទ្ររបស់កម្ពុជាយើង ឲ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើបាន ហើយសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សធនធានបាតសមុទ្រ និងគាំទ្រចំពោះគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រ ដើម្បីទុកជាសម្បត្តិ មរតកដល់ប្រជាពលរដ្ឋខ្មែរយើងជំនាន់ក្រោយ»៕