(សៀមរាប)៖ ប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើជាម្ចាស់ផ្ទះ ក្នុងការបើកសន្នីសីទកៅស៊ូអន្ដរជាតិ និងកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍កៅស៊ូអន្ដរជាតិ។
សន្និសីទនេះរៀបចំឡើង នៅខេត្តសៀមរាប-អង្គរ ក្រោមប្រធានបទ «និរន្តរភាព នៃឧស្សាហកម្មកៅស៊ូធម្មជាតិ៖ បញ្ហាប្រឈម និងកាលានុវត្តភាព» អធិបតីភាពរបស់លោក វេន សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមភាគីពាក់ព័ន្ធ មកបណ្តាប្រទេសផលិតកៅស៊ូជាច្រើន។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី វេន សាខុន ឲ្យដឹងពីការវិវត្តន៍ របស់ដំណាំកៅស៊ូនៅកម្ពុជា ដោយលោកបានលើកឡើងថា នៅប្រទេសកម្ពុជាដំនាំកៅស៊ូ មានការកើនឡើងជាបន្ដបន្ទាប់ គួរជាពីមោទនៈ ដែលគិតមកដល់ពេលនេះ ផ្ទៃដីដាំកៅស៊ូសរុបមានចំនួន៤០២ ពាន់ហិកតា ក្នុងនោះមានចំការកៅស៊ូ កសិឧស្សាហកម្ម (រដ្ឋនិងឯកជន) ជាង២៥០ពាន់ហិកតា និងចំការកៅស៊ូគ្រួសារប្រមាណ១៥១ពាន់ហិកតា និងបាននាំចេញក្នុងឆ្នាំ២០១៥ ចំនួនជាង១២៤ពាន់តោន។
លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានលើកពីផលលំបាកមួយចំនួន ដោយសារការធ្លាក់ថ្លៃកៅស៊ូ ដោយកាលពីឆ្នាំ២០១៥ ការធ្លាក់ថ្ងៃកៅស៊ូធ្លាក់ចុះយ៉ាងខ្លាំង ដែលមិនធ្លាប់មាន ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ពោលគឺបានធ្លាក់ចុះទាបក្នុងរង្វង់ជាមធ្យម ១២០៣ដុល្លារ/តោន បើធៀបនឹងឆ្នាំ២០១៤ ដែលតម្លៃមធ្យម ១៥៣៩ដុល្លារតោន ហើយកាលពីឆ្នាំ២០១១ កៅស៊ូមានតម្លៃជាមធ្យមរហូតដល់ជា ៤៥០០ដុល្លារ/តោន ដែលនេះជាកង្វល់រួម របស់បណ្ដាប្រទេសផលិតកៅស៊ូធម្មជាតិ។
លោករដ្ឋមន្ត្រី បានលើកឡើងថា «វិស័យកៅស៊ូធម្មជាតិ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលរងនូវវិបត្តិមួយដ៏ធ្ងន់ធ្ងរ គឺថ្លៃកៅស៊ូលើទីផ្សារជាតិ និងអន្តរជាតិ បានធ្លាក់ចុះយ៉ាងគំហុក ដែលមិនធ្លាប់មានរយៈពេល៨ឆ្នាំចុងក្រោយនេះ»។
លោក វេន សាខុន បានថ្លែងបន្ដទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដាក់ឲ្យដំណើរការស្ដារ និងធ្វើអាជីវកម្មកៅស៊ូចាស់ៗ ដែលនៅសេសសល់ឡើងវិញ និងដាក់ចេញនូវគោលនយោលបាយ ឯកជនភាវូបនីយកម្មដំបូង បានធ្វើការវិនិយោគ អតីតចម្ការកៅស៊ូរដ្ឋទាំង៧ និងកាអភិវឌ្ឍន៍ដំណាំកៅស៊ូគ្រួសារ។
ជាមួយគ្នានេះដែរ រដ្ឋក៏បានផ្ដល់ដីសម្បទានសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍន៍ដំណាំកៅស៊ូ ដល់វិនិយោគគិន ក្នុងស្រុក និងបរទេស ក្នុងគោលបំណងប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិតកៅស៊ូ ដ៏មានសក្ដានុពលនៅក្នុងតំបន់ និងជាប្រទេសផ្គត់ផ្គង់ ផលិតកៅស៊ូមួយចូលទៅក្នុងទីផ្សារពិភពលោផងដែរ៕