(រតនគិរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលកំពុងមមាញឹក នឹងការប្រមូលស្រូវរដូវវស្សា កុំទាន់ព្យាយាមលក់ស្រូវ ទាំងនៅសើម គួរតែហាលស្រូវទាំងនោះស្តុកទុកលក់ នៅពេលតម្លៃស្រូវឡើងថ្លៃវិញ ខណៈដែលតម្លៃស្រូវនៅលើពិភពលោកកំពុងតែធ្លាក់ចុះ។
ថ្លែងចេញពីខេត្តរតនគិរី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ នៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ពេលនេះរដូវច្រូតកាត់របស់ប្រជាពលរដ្ឋបានមកដល់ ចំនួនស្រូវដែលមាននៅក្នុង ប្រទេសរបស់យើងឆ្នាំនេះ ពិតជាមាន ចំនួនច្រើនក្នុងពេលដែលនៅលើពិភពលោក និងក្នុងតំបន់កំពុងមានវិបត្តិ អំពីការធ្លាក់ចុះនៃថ្លៃស្រូវ មិនមែនគ្រាន់តែនៅកម្ពុជាទេ នៅប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសដទៃសុទ្ធ តែតម្លៃធ្លាក់ចុះទាំងអស់ ដូច្នេះខ្ញុំសូមអំពាវនាវ ចំពោះប្រជាពលរដ្ឋទាំងអស់ មេត្តាខិតខំហាលស្រូវថែទាំស្រូវទុកសិន នៅពេលដែលតម្លៃ ត្រូវឡើងថ្លៃ ចាំលក់ កុំលក់ទាំងទទឹក ដែលធ្វើឲ្យឈ្មួញបង្អាប់ថ្លៃ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅឆ្នាំនេះបើតាមការប៉ាន់ស្មានស្រូវប្រជាពលរដ្ឋ ដែលសល់ពីបម្រុងទុកទទួលទាន និងធ្វើពូជជាដើម គឺមានរហូតដល់ជាង៥លានតោន។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសុំការយោគយល់ចំពោះការធ្លាក់ចុះ នៃតម្លៃកសិផលនៅលើពិភពលោកដែលនាំ កសិកររបស់កម្ពុជា ធ្លាក់ចុះផងដែរ៕