(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានផ្ដល់នូវការគាំទ្រ មកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ហៅកាត់ថា ស៊ីម៉ាក់) ដើម្បីបណ្ដុះបណ្ដាលដល់សមាជិកជំនាញ ផ្នែកសកម្មភាពមីន អ៊ឺរ៉ាក់សរុប១៥០នាក់ ដែលចំណាយថិវកាប្រមាណជាង៥០ម៉ឺនដុល្លារ។
ការថ្លែងបែបនេះ របស់លោក ហេង រតនា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោយបញ្ចប់ការបើកពិធី កិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺន អ៊ីរ៉ាក់-កម្ពុជា វគ្គសិក្សាមូលដ្ឋានស្ដីពី ការគ្រប់គ្រងសកម្មភាពមីន នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា នៅថ្ងៃនេះជាការបើកវគ្គហ្វឹកហ្វឺន ដល់គណៈប្រតិភូជំនាញសកម្មភាពមីនរបស់អ៊ីរ៉ាក់ ដែលមានសមាជិកចូលរួម២៧នាក់ ប៉ុន្ដែអវត្តមានមា្នក់ ហើយការបើកវគ្គនេះ គឺត្រូវបានធ្វើឡើងក្រោយពីស៊ីម៉ាក់ បានប្រជុំពិភាក្សាជាមួយប្រទេសអ៊ីរ៉ាក់ជាង១ឆ្នាំមកហើយ ដែលជាប្រទេសមួយមានសង្គ្រាមយូរមក និងមកទល់ពេលនេះមិនទាន់បានបញ្ចប់នៅឡើយទេ។
លោកថា ចំពោះវគ្គហ្វឹកហ្វឺននេះ អង្គការ JICA ក៏បានគាំទ្រនូវការសហការផ្នែកបោសសម្អាតមីន នៅប្រទេសអ៊ីរ៉ាក់ ដែលបានហ្វឹកហ្វឺននេះ នឹងត្រូវធ្វើនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។
លោកអគ្គនាយកបញ្ជាក់ថា ការហ្វឹកហ្វឺននេះ មានសរុបចំនួន៧វគ្គ ហើយមានរយៈពេល៣ឆ្នាំ និងសិក្ខាកាមសរុប១៥០នាក់ ដែលក្នុងមួយវគ្គមានរយៈពេលជាង១០ថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនទ្រឹស្ដី សិក្ខាកាមតម្រូវឲ្យចុះទៅទីវាលសម្អាតមីនតែម្ដង។
វគ្គហ្វឹកហ្វឺននេះ ផ្ដោតសំខាន់ទៅលើ ការដឹកនាំអប់រំ ការគ្រប់គ្រង ដែលបង្ហាញថា ក្រោយពីប្រទេសបញ្ចប់សង្គ្រាម ត្រូវរៀបចំយន្ដការនៃការគ្រប់គ្រងប្រតិបត្តិការបោសសម្អាតមីនជាដើម រីឯមួយផ្នែកទៀត និយាយពីប្រវត្តិនៃការកើតសង្គ្រាម និងសន្ដិភាពក្រោយសង្គ្រាម៕