(រតនគីរី)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខណៈចូលរួមធ្វើជាបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់ តាអង ខេត្តរតនគីរី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានមានប្រសាសន៍អំពាវនាវដល់មីក្រូហិរញ្ញវត្ថុ យោគយល់ដល់កសិករដែលបានផ្តល់ប្រាក់កម្ចី ខណៈតម្លៃស្រូវកំពុងធ្លាក់ចុះ។ សម្តេចតេជោ ពិតជាមិនចង់ឃើញ ប្រជាពលរដ្ឋមានទុក្ខលំបាកឡើយ ខណៈកំពុងជួបបញ្ហាតម្លៃស្រូវធ្លាក់ចុះ ហើយត្រូវរកថវិកាសងបំណុលដល់ធនាគារ និងមីក្រូហិរញ្ញាវត្ថុទៀត។
ថ្លែងបញ្ជាក់យ៉ាងច្បាស់ៗ សម្តេចតេជោ ហ៊ុន សែនបានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវ ដល់មីក្រូហិរញ្ញាវត្ថុ ដែលឲ្យប្រជាជនខ្ចី សូមមេត្តាយោគយល់ដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមានការលំបាក ពីតម្លៃស្រូវចុះ ហើយតម្លៃស្រូវចុះនេះ វាមិនមែនចុះតែស្រុកខ្មែរទេ អាលូវនេះ នៅគ្រប់តែប្រទេសមានបញ្ហាទាំងអស់ទាំងស្រូវ និងកសិផល រាប់ទាំងជ័រកៅស៊ូ»។
ជាការកត់សំគាល់ ក្រោយពីមានបញ្ហាធ្លាក់ចុះនៃតម្លៃស្រូវនៅកម្ពុជា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាកសិករខ្មែរ ខណៈនោះរាជរដ្ឋាភិបាលនៃកម្ពុជាបានធ្វើ សកម្មភាពជាច្រើនជួយសម្រូលដល់ទុក្ខលំបាក របស់ប្រជាកសិករ តាមរយៈការបង្កើតយុទ្ធនាការ «ទិញស្រូវដើម្បីកាត់បន្ថយការ ធ្លាក់ចុះតម្លៃស្រូវ»។ រហូតមកដល់ពេលនេះ ស្រូវជាង១ម៉ឺនតោនហើយ ត្រូវបានប្រមូលទិញពីប្រជាកសិករ។
កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាចំណាយថវិកា ផ្ទាល់ខ្លួនជួយទិញស្រូវ ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវបន្ថែមពីលើការ ជួយរបស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្រ្តីរាជការ តាមក្រសួងស្ថាប័នរបស់រដ្ឋ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ បានបញ្ចេញថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ជួយទិញស្រូវ និងអង្ករពីប្រជាពលរដ្ឋ៕