(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ចូលរួមថែរក្សាផ្លូវថ្នល់ ដោយគោរពតាមច្បាប់ចរាចរណ៍ ហើយមិនត្រឹមដឹកលើសទម្ងន់ ឬប្រើរថយន្តតទ្រង់ទៀតនោះទេ។ សម្តេចបានដាក់បទបញ្ជាជាថ្មីម្តងទៀតថា ចាប់ពីពេលនេះតទៅ រថយន្តលើសទម្ងន់ និងរថយន្តតទ្រុង មិនត្រូវអនុញ្ញាតឱ្យបើកបរនៅលើផ្លូវកម្ពុជាទៀតទេ ហើយត្រូវឃាត់រថយន្តទាំងនោះកាត់ចេញ។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អំពាវនាវឱ្យមានការដឹកជញ្ជូន មានការធ្វើចរាចរដោយគោរពច្បាប់ចរាចរណ៍ មិនត្រូវដឹកលើសទម្ងន់ ហើយមិនត្រូវតរថយន្តនោះ។ ឥឡូវត្រូវចាប់ឱ្យអស់ ប្រមូលឡានទាំងហ្នឹងកុំឱ្យមាននៅលើផ្លូវ សហការជាមួយនគរបាលដើម្បីប្រមូលឡានទាំងហ្នឹង យកទៅកាត់ បើមិនកាត់ទេ ទុកនៅទីនោះ»។
ការប្រកាសជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ នៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលផ្លូវនេះត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិការបស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ បានបន្ថែមទៀតថា «រឿងដឹកលើសទម្ងន់ម្ខាងហើយ ប៉ុន្តែឡានទ្រង់ នៅចាំទេឡានតទ្រង់ខ្ញុំទៅស្រែកនៅសៀមរាប ប៉ុន្មានឆ្នាំមុននោះ វាកាត់ម្តងហើយ។ ឥឡូវត្រូវចាប់កាត់តទៅទៀត បើមិនទាន់កាត់មិនឱ្យដើរលើផ្លូវ»។ សម្តេចបានបញ្ជាក់ថា «មិនដែលទេ ឡានគេធ្វើចេញពីរោងចក្រមកស្តង់ដារគេត្រឹម១២ម៉ែត្រ ប៉ុន្តែឯងយកមកតដល់១៥ម៉ែត្រ វាមិនខុសក្បួន អាហ្នឹងវាគ្រោះថ្នាក់ណាស់។ មិនត្រឹមតែធ្វើឱ្យខូចសណ្ឋានផ្លូវទេ ប៉ុន្តែវាបង្កនូវគ្រោះថ្នាក់»។
ទន្ទឹមនឹងការជំរុញឱ្យមានការចូលរួមថែរក្សាផ្លូវនៅក្នុងប្រទេសកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ភាគីចិនក្នុងការចូលរួម កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា។ សម្តេចថា «វាជាភ័ព្វសំណាងដែលយើងមានដៃគូល្អ នោះគឺសាធារណរដ្ឋប្រជាមានិតចិន»៕