(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសវនាការក្នុងសំណុំរឿងឆបោក និងរំលោភទំនុកចិត្តមួយដោយមានជនជាប់ចោទ ២នាក់ប្តី-ប្រពន្ធ ពាក់ព័ន្ធបោកទឹកប្រាក់ចំនួន៣៧ម៉ឺនដុល្លារ ពីក្រុមហ៊ុនបុរី «ពិភពថ្មី»។ ក្រោយបញ្ចប់សវនាការនៅព្រឹកមិញ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News ថា ជនជាប់ចោទទាំង២នាក់ ត្រូវបានកាត់ទោសតាមមាត្រា៣៧៧ ៣៩១ និង៣៩៣នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
តាមមន្រ្តីតុលាការ ជនជាប់ចោទប្រពន្ធឈ្មោះ ផាត ចរិយា អាយុ៣៨ឆ្នាំ ជាប្រធានគណនេយ្យនៅក្រុមហ៊ុនបុរី «ពិភពថ្មីគ្រុប» បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយពីក្រុមហ៊ុនពិតមែន ហើយពេលនេះខ្លួនបានដឹងខុស និងសូមឲ្យលោកតុលាការបន្ធូរបន្ថយទោសផងដែរ។
ដោយឡែកប្តីឈ្មោះ ហ៊ កុសល អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ3B ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយរបស់ប្រពន្ធពិតមែន ហើយលុយទាំងនោះខ្លួនបានយកទៅលេងល្បែងនៅកាស៊ីណូចាញ់អស់គ្មានសល់ម៉ារៀលទេ។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក នូ វាសនា បានសំរេចចេញដីកាឃុំខ្លួនប្តីប្រពន្ធ២នាក់ខាងលើ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពី «បទឆបោក និងបទរំលោភទំនុកចិត្តពិសេសដោយអភិបាល ឫបុគ្គលដទៃទៀត»។
ប្តីប្រពន្ធមួយគូនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្តឹងរបស់លោកមេធាវីតំណាងស្របច្បាប់ របស់ក្រុមហ៊ុនបុរីពិភពថ្មី ចោទប្រកាន់ពីបទឆបោកប្រាក់ប្រមាណជាង៣៧ម៉ឺនដុល្លារ៕