(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំមួយ ក្រោមប្រធានបទ «ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តឧត្តរមានជ័យ» ដោយបានរួមគ្នាប្តេជ្ញាលុបបំបាត់ជំងឺដ៏កាចសាហាវនេះទាំងស្រុង ដើម្បីធានាសុវត្ថិភាពសុខភាព ជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតី លោក លៀម សុដា អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងមានការចូលរួមពី លោក ឃ្លោក ហ៊ួត ប្រធានមន្ទីសុខាភិបាលខេត្ត, អភិបាលក្រុង-ស្រុក, លោកប្រធាន-អនុប្រធានមន្ទីរការពាក់ព័ន្ធជាច្រើនរូប។

លោក ឃ្លោក ហួត បានឲ្យដឹងថា «គោលបំណងនៃអង្គប្រជុំ នៃកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នេះ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នេះទាំងស្រុង តែម្តង»

លោក លៀម សុដា បានកោតសរសើរដល់មន្ទីរសុខាភិបាល និងអង្គការជាដៃគូរ ដែលបានជំរុញដល់មន្ត្រីជំនាញទាំងអស់ ឲ្យបន្តអនុវត្តការងារចាំបាច់នេះ ឲ្យបានខ្ជាប់ខ្ជួនជាបន្តបន្ទាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ ពិសេសការចុះជួយចែកម៉ុងជ្រលក់ថ្នាំ ព្រមជាមួយការណែនាំដល់ពួកគាត់អំពី វិធីសាស្ត្រការពារជំងឺគ្រុនចាញ់ ផងដែរ៕