(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះជួបជាមួយសមាជិកអតីតយុទ្ធជន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយបានសន្យាថា នឹងជួយសាងសង់លំនៅឋានជូនពួកគាត់ ប្រសិនបើពួកគាត់ចង់ប្ដូរទៅនៅស្រុកភ្នំស្រុកវិញ ព្រោះនៅទីនោះអាជ្ញាធរ បានអនុញ្ញាតជូនតាមសំណើរួចហើយ។
ការតាំងចិត្តជួយជ្រុំជ្រែងយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងពេលចុះសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន ស្រុកស្វាយចេក ចំនួន៤០៥នាក់ លោកនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា «សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋឥតមានភ្លេចទេ ដោយហេតុនេះហើយ បានជាសម្តេច លោកឲ្យខ្ញុំចុះមកជួបផ្ទាល់នេះ គឺដើម្បីក្តាប់បានពីសុខទុក្ខជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដោះស្រាយការលំបាកជាក់ស្តែងជូនបងប្អូនយើង ដោយផ្តើមចេញពីការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលទីទ័លក្រ គ្មានទីជម្រក»។
នាយឧត្តមសេនីយ៍បានបន្តថា «នៅស្រុកភ្នំស្រុក លោកអភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់ដីមួយចំនួន សម្រាប់សមាគមអតីតយុទ្ធជនកម្ពុជា បើបងប្អូនណាខ្វះដីហើយព្រមទៅនៅទីនោះ យើងនឹងដោះស្រាយជូន»។
លើសពីនេះ លោកឧត្តមសេនីយ៍បានផ្តាំផ្ញើប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរបំផុត ពិសេសមេប៉ុស្តិ៍នគរបាលឃុំ-សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់ពីជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ ហើយរាល់ពេលមានកម្មវិធីអ្វីមួយ ត្រូវអញ្ជើញប្រជាពលរដ្ឋទៅចូលរួម ឲ្យបានច្រើនកុះករ៕