(ស្វាយរៀង)៖ អគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ សហការជាមួយក្រុមហ៊ុន CMVIC និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឈៀក) ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង ជាលើកទី២។
លោក សំ សាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់ភាពងាយស្រួលនិងការកាត់បន្ថយចំណាយថវិកាច្រើន បងប្អូនប្រជាពលរដ្ឋមានរថយន្តគ្រប់ប្រភេទ ដែលមិនទាន់មានប័ណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬផុតកំណត់ ហើយមិនចាំបាច់ក្នុងការចំណាយពេលវេលា និងយករថយន្តគ្រប់ប្រភេទ ទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅរាជធានីភ្នំពេញនោះទេ។
លោកបានបន្តទៀតថា ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឈៀក) ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង តាមកាលបរិច្ឆេទដូចខាងក្រោម៖
ទី១-នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ធ្វើនៅខាងក្រោយសាលាខេត្តស្វាយរៀង
ទី២-នៅថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ធ្វើនៅតំបន់សេដ្ឋកិច្ច ពិសេសមែនហាតធេនក្រុងបាវិត។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ ទាំងអស់នៅខេត្តស្វាយរៀង ដែលមានរថយន្តហើយមិនទាន់មានប័ណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬផុតកំណត់ សូមអញ្ជើញរួសរន់ដើម្បីយករថយន្តមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេសឲ្យបានគ្រប់គ្នា៕