(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលរវាងកម្ពុជា ឡាវ ​និងវៀតណាម លើកទី៩ ស្ដីពី «ការអភិវឌ្ឍតំបន់ត្រីកោណ» នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាមផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងពិនិត្យលើការរីកចម្រើន ​និងបញ្ហាប្រឈមចំពោះមុខ ក្នុងការអនុវត្តឯកសារសំខាន់ៗ រួមមាន៖ទី១.ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ ​និងវៀតណាម ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)​ ទី២.លទ្ធផលនៃកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ និងទី៣.ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី៨ ស្ដីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ២០១៤មក។

សូមជម្រាបថា កិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី​នៃប្រទេសទាំងបី នឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសីទកាសែតផងដែរ។ ភាគីទាំងបីរំពឹងថា គម្រោង និងកិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានអនុម័តយល់ព្រម និងចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំនេះ។ ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចារទ្វេភាគី ដោយឡែកពីគ្នា ជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីរៀតណាមផងដែរ៕