(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដោយឆ្លើយតបទៅនិងការលើកឡើងរបស់ លោក កឹម សុខា ដែលបានថ្លែងថា ធ្វើរបងជញ្ជាំងនៅតាមព្រំដែនកម្ពុជា វៀតណាម តាមប្រធានាធិបតីជាប់ឆ្នោត ត្រាំ «Trump» របស់សហរដ្ឋអាមេរិក ឬអភិវឌ្ឍតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នេះគ្រាន់តែថាតាមគេប៉ុណ្ណោះ វាមិនឆ្លើយតប និងសមត្ថភាពលទ្ធភាពជាក់ស្តែងឡើយ។
លោក ផៃ ស៊ីផាន បានលើកឡើងឆ្លើយតបនឹងលោក កឹម សុខា ដែលមានខ្លឹមសារទាំងស្រុងថា៖
អ្វីដែលជាចម្លើយរបស់ខ្ញុំចំពោះសំណួរ របស់សារព័ត៌មាន Cambodia Daily ឆ្លើយតបទៅនិងការលើកឡើងរបស់លោក កឹម សុខា ដែលបានថ្លែងថា ធ្វើរបងជញ្ជាំងនៅតាមព្រំដែនកម្ពុជា វៀតណាម តាមប្រធានាធិបតីជាប់ឆ្នោត ត្រាំ «Trump» របស់សហរដ្ឋអាមេរិក ឬអភិវឌ្ឍតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម»។ ការលើកឡើងនេះ គឺជាការផ្សាយពាណិជ្ជកម្មឃោសនា ទាក់ទាញការចាប់អារម្មណ៍ របស់សាធារណៈជនតែប៉ុណ្ណោះ ក៏ដូចថា «រូបគាត់ ឬគណបក្ស CNRP គាំទ្របេក្ខភាព និងគោលនយោបាយរបស់លោកត្រាំ។ តែផ្ទុយទៅវិញ ប្រធាន CNRP បានវាយតម្លៃលោកត្រាំ ឬគោលនយោបាយរបស់ត្រាំ ថាជាជនផ្តាច់ការ។
ក្រុមនេះតែងតែឆក់ប្លន់ ប្រជាប្រិយភាព និងជោគជ័យរបស់ថ្នាក់ដឹកនាំនយោបាយបរទេស មកជាសម្បត្តិផ្ទាល់ខ្លួន អួតអាង ភូតកុហក បោកប្រាស់ ប្រជាពលរដ្ឋខ្មែរ។ ដូចពាក្យស្លោកបរទេសមួយលើកឡើងថា «អ្វីដែលស្វាឃើញ ស្វានឹងត្រាប់តាម «What Monkey See monkey do»។ ឧទាហរណ៍ជាក់ស្តែង បានលួចយក ជ័យជំនះរបស់បក្សបប្រឆាំងនៅភូមា ប្រដូចនិងអនាគតរបស់ខ្លួន។ ទោះជាយ៉ាងណា ខ្ញុំយល់ឃើញថា ក្រុមនេះគួរតែរៀនសូត្រតាម លោកជំទាវ គ្លីនតុន ដែលលោកជំទាវទទួលយកលទ្ធផលបោះឆ្នោត។ ជាមួយគ្នានេះដែរ លោជំទាវក៏បានអំពាវនាវ សូមឱ្យអ្នកគាំទ្ររបស់លោកជំទាវបើកចិត្តទូលាយ ចូលរួមការងារកសាងជាតិជាមួយលោកប្រធានាធិបតីត្រាំ។
ផ្ទុយគ្នាស្រឡះក្រុមនេះអះអាងថា ជាក្រុមប្រជាធិបតី ប៉ុន្តែមិនដែលទទួលស្គាល់ និងគោរពការសម្រេចចិត្តរបស់មហាជនម្តងណានោះឡើយ ដោយក្រុមនេះ ជាប្រចាំតែងតែធ្វើយុទ្ធនាការ ប្រឆាំង ញុះញុង់ បំបែកបំបាក់សង្គមជាតិ ធ្វើឱ្យមានការរើសអើងនៅក្នុងសង្គមជាតិ ក៏ដូចជាការប្រកាន់ពូជសាសន៍ទៅវិញ។
ចំណែកការកសាងរបងជញ្ជាំងព្រំដែនកម្ពុជា វៀតណាម គ្រាន់តែថាតាមគេប៉ុណ្ណោះ ដែលវាមិនឆ្លើយតបនិងសមត្ថភាពលទ្ធភាពជាក់ស្តែងឡើយ ហើយផ្ទុយទៅនិងគោលការណ៍ការងារព្រំដែន ដែលបានចែងថា ៖ ខ្សែបន្ទាត់ខ័ណ្ឌសីមាព្រំដែន ជាខ្សែបន្ទាត់សន្តិភាព សហប្រតិបត្តិការ និងវឌ្ឍនភាព នោះមិនគិតដល់គោលការណ៍របស់ ASEAN ដែលឈរលើការលើកតម្កើង ការងារចល័ត នឹង ការតភ្ជាប់រវាងប្រជាជាតិនៅក្នុងសមាគម ASEAN ( Mobility and Connectivity )។ ឧទាហរណ៍ជាក់ស្តែងមួយទៀត នៃការប៉ុនប៉ង ធ្វើរបងជញ្ជាំងព្រំដែន រវាងប្រទេសថៃ និងម៉ាឡេស៉ី ប៉ុន្តែពុំអាចធ្វើទៅកើត។ បច្ចុប្បន្នគណៈកម្មាធិការព្រំដែនចំរុះកម្ពុជា វៀតណាម ស្ថិតនៅ ក្នុងអាណត្តិការងារបច្ចេកទេស ស្វែងរកខ្សែខ័ណ្ឌសីមាជាក់ស្តែងនៅលើផែនដី ជាមួយនិងការបោះបង្គោលព្រំដែន ដែលចម្លងចេញពីផែនទីគោល និងជាមូលដ្ឋាន ដែលបានបន្សល់ទុកពីបារាំង។ ការប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ គឺធ្វើឱ្យបានសម្រេច និងស្ថិតនៅក្នុងគោលការណ៍សន្តិភាព សហប្រតិបត្តិការ និងវឌ្ឍនភាព ដែលរក្សាបាន «មិត្តជិតខាងល្អ»។
រីឯការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម រាជរដ្ឋាភិបាលបាន និងកំពុងធ្វើយ៉ាងសស្រាក់សស្រាំ ដោយឈរលើមូលដ្ឋាន ព្រំដែនជាខ្សែបន្ទាត់សន្តិភាព សហប្រត្តិបតិ្តការ និងវឌ្ឍនភាព ជាមួយនិងគោលការណ៍មិត្តជិតខាងល្អ។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចតេជោ គឺបានគិតជាគោលលការណ៍ និងបានធ្វើ ដោយទទួលបានជាលទ្ធផលជាក់ស្តែង និងជាប្រវត្តិសាស្រ្ត ដែលផ្ទុយពីការសុបិន្ត និងបានតែថារបស់ ឯកឧត្តម កឹម សុខា ដើម្បីបោកប្រាស់រាស្រ្តឲ្យកោតខ្លួនតែប៉ុណ្ណោះ៕