(បាត់ដំបង)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងពីដំណើរ ការវិវត្តន៍វិស័យអប់រំ របស់កម្ពុជា មុនរបបប៉ុលពត ក្នុងរបបប៉ុលពត និងក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលវិស័យធនធានមនុស្ស ដ៏មានសក្តានុពល ត្រូវបានសម្លាប់ស្ទើរគ្មានសល់។
លោកបន្តថា ក្រោយជួបស្ថានការណ៍នេះ ដូចជាការសិក្សា ក្រោយពេលរំដោះ បានជួបប្រទះ នូវឧបសគ្គជាច្រើន ដូចជាខ្វះគ្រូ ខ្វះសាលា ខ្វះសម្ភារៈផ្សេងៗ ខ្វះស្បៀងអាហារ និងអសន្តិសុខជាដើម និង ចាប់ផ្តើម ពីអ្នកចេះច្រើន បង្រៀនអ្នក ចេះតិច អ្នកចេះតិចបង្រៀន អ្នកអត់ចេះ ហើយរៀនក្រោមដើមឈើ និងបង្រៀនផង ការពារផង អភិវឌ្ឍផង។
លោក បណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងបែបនេះ ខណៈលោក ចូលរួមនៅក្នុងពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ថ្មីនេះ ក្នុងបរិវេណសាលប្រជុំ របស់ សាកលវិទ្យាល័យបៀល ប្រាយ សាខាខេត្តបាត់ដំបង រួមជាមួយនឹង មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត លោក លោកស្រី សាស្ត្រាចារ្យ និងប្អូនៗនិស្សិត សរុបចំនួន ២៧០នាក់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
បន្ថែមពីលើនេះ លោក បណ្ឌិតជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា រដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយអទិភាព៤សំខាន់ គឺ ៖១- ធនធានមនុស្ស ២-បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ៣-បញ្ហាទឹក និង៤-ភ្លើង ហើយ បច្ចុប្បន្នរដ្ឋាភិបាល បានកំពង់និងបន្ត សាងសង់សាលារៀន ឲ្យមានគ្រប់ទីកន្លែង ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់សិស្ស ជាក់ស្តែងនៅ ខេត្តបាត់ដំបង មានសាលាបឋម- វិទ្យាល័យ ត្រូវបានកសាងនិង ពង្រីកដល់ថ្នាក់ឧត្តមសិក្សា ដែលប្រកបដោយគុណភាព។
ជាភពសំណាងពលរដ្ឋខ្មែរក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានផ្តល់នូវសុខសន្តិភាពដល់ប្រជាពលរដ្ឋ ឲ្យមានឪកាសអភិវឌ្ឍន៍សង្គមគ្រួសារ និងប្រកបការងារទទួល ទានបានកាន់តែប្រសើរឡើង។ ជាពិសេសសម្តេចតេជោបានធ្វើអោយសេដ្ឋកិច្ចជាតិ រីកលូតលាស់ជា បន្តបន្ទាប់ជាង៧ភាគរយលើស២ទសវត្សរ៌ ដែលធ្វើអោយប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិមានការ កោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្តេច។
ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានមតិសំណេះសំណាល ប្រកបភាព ស្និទ្ធស្នាល និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ បង្ហាញឱ្យឃើញពីការ យកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ និងផ្តាំផ្ញើឱ្យប្អូនៗ ឲ្យខិតខំប្រឹងប្រែងនៅក្នុង ការរៀនសូត្រ ដោយបានលើកជាឃ្លាមួយ សម្រាប់ជាការពិចារណាថា «រៀនឱ្យចេះ កុំឱ្យរៀនឱ្យចប់» ខ្លឹមសារនេះ លោកបានលើកឡើងថា ស្ថិតក្នុងស្ថេរភាព នយោបាយសង្គម ដែលអំណោយផលដល់ការ សិក្សារៀនសូត្ររបស់និស្សិតគ្រប់ៗគ្នា ដូច្នេះត្រូវព្យាយាម ក្របជញ្ជក់ចំណេះវិជ្ជា ដើម្បីធ្វើការប្រកួតប្រជែង ក្នុងទីផ្សារការងារក្នុងប្រទេស ក្នុងតំបន់និងឆាកអន្តរជាតិ ដែលរាជរដ្ឋភិបាលបានបន្ត ដាក់ទិសដៅនិងយុទ្ឋសាស្ត្រ បន្តពង្រឹងគុណភាពអប់រំ គឺជាកត្តាចាំបាច់ដើម្បីឆ្លើយតបទៅនិងចក្ខុវិស័យ រាជរដ្ឋាភិបាលឆ្នាំ២០៣០ ប្រទេសដែលមានចំនូលមធ្យម និងឆ្នាំ២០៥០ ប្រទេសដែលមានចំនូលខ្ពស់ និងក្លាយជាប្រទេសដែលមានការអភិវឌ្ឍខ្ពស់។
ទន្ទឹមនឹងនោះ លោកបណ្ឌិតក៏បានសំណូមពរ ឱ្យយុវជន និងប្រជាពលរដ្ឋ សូមនៅឱ្យឆ្ងាយពី គ្រឿងញៀន អំពើអបាយមុខផ្សេងៗ ចូលរួមគោរពច្បាប់ចរាចរណ៍ និងសូមទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ព្រមទាំងប្រកាសបើកបវេសនកាលឆ្នាំថ្មី ចាប់ពីថ្ងៃនេះតទៅ៕