(ភ្នំពេញ)៖ សេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ ដែលជាឃាតកសម្លាប់នារីរងគ្រោះឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំជាបុគ្គលិក «ក្លឹប៥៥» ទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ។
ចម្លើយសារភាពរបស់ជនល្មើស ឈ្មោះ យ៉េន សុបញ្ញា បានបញ្ជាក់ថា រូបគេពិតជាបានសម្លាប់នារីរងគ្រោះ ដោយផ្ទាល់ដៃតែម្នាក់ឯងពិតប្រាកដមែន នោះគឺដោយសារឥទ្ធិពលថ្នាំញៀន ទើបធ្វើឲ្យឃាតកចិត្តដាច់គ្មានមនោសញ្ចេតនានិងក្តីមេត្តានៅក្នុងខ្លួនដូច្នេះ។ ដើម្បីបញ្ជាក់ការពិត សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំឃាតកទៅធ្វើសកម្មភាពត្រាប់ឡើងវិញ ដល់កន្លែងកើតហេតុទៀតផង។
រឿងដែលគួរឲ្យកត់សម្គាល់មួយទៀតឃើញថា កន្លងមកឃាតកម្មអាថ៌កំបាំងដែលយកសពទៅផ្លុងចោល នៅតាមគំនរសំរាមក្នុងរាជធានីភ្នំពេញ តែងតែត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបំបែកបាន ដោយមិនទុកឲ្យឃាតកររស់ក្រៅសំណាញ់ច្បាប់បានឡើយ។
សូមជំរាបថា អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមួយ ដែលត្រូវបានគេយកមកបោះចោល ក្នុងគំនរសំរាមដោយរុំក្រណាត់ជិត ឃើញតែជើង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងចាប់បានឃាតកសម្លាប់ ស្ដ្រីម្នាក់ជាបុគ្គលិក «ក្លឹប៥៥» បានហើយនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕