Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តក្រចេះ សម្រេចឃំុខ្លូនជនខិលខូចទាំង៦នាក់ ដែលបន្លំខ្លួន​ធ្វើ​ជាមន្រ្តីនគរបាល​ដើរជម្រិត​ទារប្រាក់​ពីប្រជាពលរដ្ឋ រកសីុដឹក​កូនក្រឡឹង

21-11-2016 10:58

(ក្រចេះ)៖ ជនខិលខូចទាំង៦នាក់ ដែលបានក្លែងបន្លំខ្លួន ជាមន្រ្តីនគរបាល ក្រសួងមហាផ្ទៃ ដើរជម្រិតទារប្រាក់ពីក្រុមម៉ូតូ និងរថយន្តដឹកឈើ កូនក្រឡឹងនៅស្រុកស្នួល ខេត្តក្រចេះនោះ ត្រូវបានតុលាការខេត្ត សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារហើយ។ នេះបើយោងតាមមន្រ្តី តុលាការខេត្ត បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា កម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការ ព័ទ្ធចាប់ខ្លួនជនសង្ស័យ ៦នាក់ ដែលបានក្លែងបន្លំខ្លួន ជាមន្រ្តីនគរបាល ក្រសួងមហាផ្ទៃ ដើរជម្រិតទារប្រាក់ពីក្រុមម៉ូតូ និងរថយន្តដឹកឈើ កូនក្រឡឹង នៅចំណុចគីឡូម៉ែត្រ៨៨ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

មន្រ្តីនគរបាលស្រុកស្នួល បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី លន់ សុផាត។

ជនខិលខូចទាំង៦នាក់ខាងលើ មានឈ្មោះ ៖ ទី១. ឈ្មោះ វ៉ាន់ វាសនា អាយុ២២ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ឯក គ្មាន អត្តលេខ) ទី២. ឈ្មោះ វ៉ាន់ សង្ហា អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មាន អត្តលេខ)  ទី៣. ឈ្មោះ ម៉ៅ ជីវ៉ា អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មាន អត្តលេខ) អ្នកទាំង៣ រស់នៅភូមិល្វា ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។  ទី៤. ឈ្មោះ វ៉ាន់ សំណាង អាយុ២៣ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មាន អត្តលេខ) រស់នៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី៥. ឈ្មោះ ប៉ុន សត្ត្រា អាយុ២៦ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មាន អត្តលេខ) រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ទី៦. ឈ្មោះ កាច ប៊ុនលី អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានស៊ីវិល ជាអ្នកបើកបរ) រស់នៅភូមិពោន ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា មធ្យោបាយធ្វើដំណើររបស់ជនខាងលើ គឺរថយន្តចំនួន ២គ្រឿង៖ ១.ម៉ាក Hilander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2-0089 និងរថយន្តម៉ាក Toyota Corola ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-0403 (រថយន្តទាំង២ មាន Logo នគរបាលក្រសួងមហាផ្ទៃ បិទជាប់នឹងទ្វារ)។ ក្នុងពេលសួរចម្លើយ ជនសង្ស័យទាំង៦​នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនមិនមែនជាកម្លាំងនគរបាលឡើយ។