(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានថ្លែងនៅព្រឹកថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងដើរតាមពីក្រោយប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកគឺលោក ដូណាល់ ត្រាំ បន្ទាប់ពីលោកទទួលតំណែងជាផ្លូវការបន្តពីលោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាននានានៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៃទីក្រុងលីម៉ា ប្រទេសប៉េរូ លោក Turnbull បាននិយាយថា ប្រជាជនអូស្ត្រាលីទាំងអស់ចង់បានការបើកទំព័រថ្មីរបស់នយោបាយសហរដ្ឋអាមេរិក ដែលនឹងក្លាយជាជោគជ័យថ្មីមួយ ហើយរដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការ «ធ្វើអ្វីៗគ្រប់យ៉ាងតាមនដែលអាចទៅរួច» ដើម្បីគាំទ្រលោក ដូណាល់ ត្រាំ នៅក្នុងតំណែងជាប្រធានាធិបតីថ្មីរបស់អាមេរិក។
នាយករដ្ឋមន្ត្រីអូស្ត្រាលីខាងលើនេះបានសង្កត់ធ្ងន់ទៀតថា «លោក បារ៉ាក់ អូបាម៉ា ចង់ឲ្យលោក ត្រាំ ដឹកនាំឲ្យបានល្អ។ លោកចង់ឲ្យសហរដ្ឋអាមេរិក ធ្វើដំណើរទៅមុខដោយប្រសើរ និងជាភាពជោគជ័យសម្រាប់អាមេរិក ហេតុដូច្នេះហើយទើបគ្រប់គ្នាគាំទ្រ និងលើកទឹកចិត្តចំពោះការឡើងកាន់តំណែងថ្មីនេះ ហើយរួមទាំងរូបខ្ញុំម្នាក់នៅពេលនេះដែរ»។ ជាចុងក្រោយលោក Turnbull បាននិយាយថា សហរដ្ឋអាមេរិក និងអូស្ត្រាលីជាមិត្តល្អ និងជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាយបំផុត៕