(កំពង់ធំ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ធំ និងមានការនិមន្តចូល រួមពីព្រះតេជគុណ ជ សុចាយ ព្រះចៅអធិការវត្តឌួងសុរិយា ហៅវត្តក្តីដូង សហការពី អាជ្ញាធរដែនដី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខ និងចែកជូនអំណោយ ដល់ក្រុមគ្រួសារប្រជាពលរដ្ឋទីទាល់ក្រ ស្ត្រីមេម៉ាយ ជនពិការ ចំនួន៥គ្រួសារ មកពីភូមិចំនួនបី ភូមិក្រប៉ៅ ភូមិតាមុំ ភូមិដូង ឃុំដូង ក្នុងស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក សុក ផេង បាននាំនូវកាសាកសួរសុខទុក្ខពី សំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តកំពង់ធំ ព្រមទាំងសម្តែងនូវការអាណិតអាសូរ ចំពោះក្រុមគ្រួសារ ទីទ័លក្រទាំងអស់ដោយលើកឡើងថា ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខកង្វល់របស់ថ្នាក់ដឹកនាំ ដែលចាំបាច់ត្រូវតែដោះស្រាយឲ្យបានទាន់ពេល ដោយមិនទុកឲបងប្អូនណា ម្នាក់ស្លាប់ដោយសារ គ្មានថ្នាក់ដឹក នាំយកចិត្តទុក្ខគិតគូរនោះឡើយ ហើយការចុះចែកនេះ គឺជាសកម្មភាពដែលរាជរដ្ឋាភិបាល កំពុងជំរុញនិងយកចិត្តទុកដាក់បំផុត។
បន្ថែមពីនេះ លោក សុក ផេង បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋចេះថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ត្រូវមានក្តីសង្ឃឹម ជាពិសេសអនុវត្តតាមក្បួនអនាម័យ ទាំងបីប្រការ រស់ស្អាត ផឹកស្អាត ហូបស្អាត និងអំពាវនាវដលប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុគ្រប់បោះឆ្នោតត្រូវទៅចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោកបញ្ជាក់ថា ទោះបីអំណោយទាំងនេះមិនច្រើនគ្រប់តាមតម្រូវការរបស់បងប្អូនក៏ដោយ ប៉ុន្តែវាអាចជួយ សម្រាលទុក្ខលំបាករបស់ បងប្អូនបានមួយរយៈពេលដែរ ដូច្នេះបងប្អូនត្រូវរកមុខរបរ និងដាំដំណាំរួមផ្សំបន្ថែបទៀត ដើម្បីបង្កើនជីវភាពគ្រួសារ។
សូមបញ្ជាក់ថា សម្ភារៈដែលចែកជូន ក្នុងមួយគ្រួសារមាន អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស២គីឡូក្រាម តែ៣កញ្ចប់ និងថវិកា៣០,០០០រៀល៕