(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ នៅក្នុងនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវការត្រេកអរ ជាពន់ពេក នៅពេលដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះជួយព្យាបាលដោយជំងឺ ដោយឥតគិតថ្លៃក្នុងស្រុកភូមិខ្លួន។
អ្នកស្រី ធារ៉ា ជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយថា «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តរីករាយជាពន់ពេក ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យសុខភាព ជូនទៅដល់ប្រជាពលរដ្ឋនៅក្នុង ស្រុកឱរ៉ាល់ទាំងមូលនេះ»។
អ្នកស្រីបានបន្ដទៀតថា ការចុះមកជួយពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ គឺពិតជាផ្ដល់ផលប្រយោជន៍រូបគាត់ និងអ្នកស្រុកភូមិ យ៉ាងច្រើនក្រៃលែង ដោយការចុះមកជួយព្យាបាលនេះ គឺអាចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានជំងឺបានមួយកម្រិតផងដែរ។
លោក មួន ខុន ដែលជាប្រជាពលរដ្ឋដែលរស់នៅក្នុង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានឲ្យដឹងថា លោកនិងប្រជាពលរដ្ឋនៅក្នុងស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទាំងមូលពិតជាសប្បាយរីករាយ និងមានកិត្តិយសជាពីបំផុត ដែលបានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីមកព្យាលបាលជំងឺដល់ទីនេះផ្ទាល់ មួយវិញទៀតការចុះជួយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នេះគឺព្យាបាលដោយមិនមានការចំណាយនូវថវិការឡើយ។
លោក មួន ខុន បានបន្ដទៀតថា «ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីមកពិនិត្យ និងព្យាបាលប្រជាពលរដ្ឋឲ្យបានញឹកញាប់ ពីព្រោះប្រជាជនមានជំងឺច្រើន ហើយកាចុះមកជួយព្យាបាលនេះគឺខ្ញុំ និងប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយខ្លាំងណាស់»។
ជាមួយគ្នានេះ អ្នកស្រី ឃឹម រតនា បានឲ្យដឹងថា ការចុះមកជួយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នេះគឺបានផ្ដល់ផលប្រយោជន៍ច្រើនណាស់ ព្រោះអាចជួយព្យាបាលជំងឺ ដែលគាត់កំពុងជួបប្រទះ ហើយនៅក្នុងរដូវនេះ គឺប្រជាពលរដ្ឋមិនថាចាស់ ឬកូនក្មេងទេ គឺពួកគាត់ប្រឈមនឹងការកើតជំងឺផ្ដាសាយច្រើន។
អ្នកស្រីថា ការចុះមកជួយទាន់ពេលវេលាបែបនេះ គឺពួកគាត់សប្បាយចិត្តមែនទែន មួយវិញទៀតការចុះជួយនេះ ក៏អាចកាត់បន្ថយទៅដល់ការចំណាយថវិការបស់ ប្រជាពលរដ្ឋបានមួយកម្រិត។
សូមជម្រាបថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណ៩៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន១២៦០នាក់ ក្នុងនោះស្រ្តីមានចំនួន ៨១២នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួមរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើង សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕