(មណ្ឌលគិរី)៖ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ចាន់ វាសនា ប្រធានសាខា នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ រកទំនិញខូចគុណភាព នៅផ្សារស្រែសង្គម និងបានធ្វើតេស្តរកសារធាតុគីមី ( BORAX ) នៅក្នុង ត្រីងៀត សាច់ក្រក នំបញ្ចុក លត ប្រហិតគ្រប់មុខតែលទ្ធផល មិនមានទេ ម្ហូបអាហារទាំងអស់។
លោក ចាន់ វាសនា បានឲ្យដឹងថា ក្រុមការងារបានធ្វើការត្រួតពិនិត្យ តាមតូបលក់ទំនិញ ហើយរកឃើញ ដូចជា ទឹកត្រី ទឹកក្រូច ទឹកដោះគោ ដំណាប់គ្រប់មុខ ហួសកាលបរិច្ឆេទ និង បានធ្វើការដកហូត យកទៅដុតកំទេចចោល។
ទន្ទឹមនឹងនេះ ក្រុមការងាររបស់លោក បានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។
លោកប្រធានសាខា ក៏បានណែនាំអាជីវករឲ្យមានការប្រុងប្រយ័ត្ន ជៀសវៀងនូវការដាក់តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់ បានបិទរូបភាពដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំកុងត្រូលស្តីពី សូមពិចារណាមុននឹង ជ្រើសរើសផលិតផល ម្ហូបអាហារ ណាមួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីរូបភាពជាបឋមនូវមុខទំនិញ ណាគួរប្រើប្រាស់ និងមុខទំនិញណាមួយមិនគួរប្រើប្រាស់។
លោក ចាន់ វាសនា បានបន្តថា នៅក្នុងការចុះពិនិត្យទំនិញ ក្រុមកាងារក៏បានបិទផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕