(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បានចុះទៅសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនរាប់រយនាក់ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងជំនួបសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងប្តេជ្ញានៅចំពោះមុខអតីតយុទ្ធជនថា លោកនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពជួយដោះស្រាយនូវទុក្ខលំបាកក្នុងជីវភាពរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ក្រោយមហាសន្និបាតសមាគមអតីតយុទ្ធជនលើកទីពីរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ បានចាត់ចែងរូបលោកឲ្យចុះជាប់ជាប្រចាំ និងឲ្យដល់ខ្នងផ្ទះរបស់អតីតយុទ្ធជន ដើម្បីពិនិត្យឲ្យបានច្បាស់ពីស្ថានភាពរស់នៅរបស់អតីតយុទ្ធជន ហើយត្រូវដោះស្រាយបញ្ហាក្នុងជីវភាពឲ្យបានទាន់ពេលវេលា។
ឈរលើស្មារតី នៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ នាយឧត្តមសេនីយ៍ គន់ គីម តែងបានធ្វើដំណើរជាបន្តបន្ទាប់ចុះទៅតាមបណ្តាខេត្ត ស្រុកទូទាំងប្រទេស និងបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយអតីតយុទ្ធជន។ តាមរយៈដំណើរចុះជួបផ្ទាល់នេះ បញ្ហារបស់អតីតយុទ្ធជនជាច្រើនត្រូវបានដោះស្រាយ ដូចជាការពន្លឿនក្នុងការបើកប្រាក់មរណៈសង្រ្គោះបានទាន់ពេលវេលា ការផ្តល់សេវាបើកប្រាក់បៀវត្សរ៍តាមធនាគារ ព្រមទាំងមានការសាងសង់លំនៅឋាន ជូនអតីតយុទ្ធជនទីទ័លក្រជាដើម។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា ពេលមានសមាជិកសមាគមអតីតយុទ្ធជនទទួលមរណភាព ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ខេត្ត បានចុះទៅដល់ភ្លាម បើកប្រាក់បេឡាមរណសង្គ្រោះ បានទាន់ពេលវេលា ដែលពីមុនត្រូវរង់ចាំរយៈពេលពី ១ ទៅ២ឆ្នាំ ឬ យូរជាងនេះក៏មាន។ ថ្នាក់ដឹកនាំសមាគម ក៏បាន ជួយសម្របសម្រួលឲ្យការផ្ទេរសិទ្ធបើកប្រាក់បៀវត្សរ៍ ពីសមាជិកសមាគមអតីតយុទ្ធជន ឲ្យទៅគ្រួសារ បានឆាប់រហ័ស ដែលពីមុនត្រូវប្រើពេល ២ ទៅ៣ខែ។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា «យើងកំពុងធ្វើបច្ចុប្បន្នភាព រកឃើញអ្នកដែលទីទ័លក្រ គ្មានជម្រក និងត្រូវបានសម្តេចតេជោ សាងសង់ផ្ទះជូនជាបណ្តើៗ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ជាប្រធាន។ ខ្ញុំ នឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើបងប្អូនអតីតយុទ្ធជនរបស់យើងកុំឲ្យជួបការលំបាកបន្តទៅទៀត។ សូមបងប្អូនឈប់ព្រួយបារម្ភទៀត»។
ជាការកត់សម្គាល់រាល់ពេលចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម តែងបានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាជូនអតីតយុទ្ធជនកម្ពុជា។
អតីតយុទ្ធជនត្រូវបានចាត់ទុកជាអ្នកមានគុណ បំណាច់ដ៏ធំធេងសម្រាប់សង្គមជាតិ ក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ជាពិសេសពួកគេបានតស៊ូប្រយុទ្ធដ៏អង់អាចក្លាហាន និងខ្លះទៀតបានពលីជីវិតក៏មាន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវសុខសន្តិភាពជូនជាតិឲ្យមានការអភិវឌ្ឍដូចបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន តែងបានក្រើនរំលឹក និងអំពាវនាវដល់អ្នកមានធនធាននាពេលបច្ចុប្បន្ន ចូលរួមចំណែកជួយដល់អតីតយុទ្ធជន ដោយសម្តេចលើកឡើងថា បើគ្មានការតស៊ូរបស់អតីតយុទ្ធជនទេ ក៏ស្រុកទេសមិនអាចផ្តល់ឱកាសឲ្យមានការរកស៊ីសាងជីវិត ឲ្យបានរុងរឿងនោះឡើយ៕