(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងមិនអាចទទួល យកបាន ចំពោះអំពើអមនុស្សធម៌របស់ជីតាឈ្មោះ សុខ សន អាយុ៥៤ឆ្នាំ ដែលបានចាប់ចៅស្រីបង្កើតអាយុជាង០១ខែដុតសម្លាប់ទាំរស់នៅលើផ្ទះ នៅពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិដំរី ឃុំដំណាក់ កន្ទួតខាងជើង ស្រុកកំពង់ត្រឡាច ខេត្តកំពត។
យោងតាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមអំពាវនាវដល់គ្រប់ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាយកចិត្តទុកដាក់ និង ចាត់វិធានការ លើជនដៃដល់មកផ្តន្ទាទោសស្របតាមច្បាប់ជាធរមាន ដើម្បីកុំឲ្យអំពើអាក្រក់កើតមានក្នុងសង្គមតទៅ។
សេចក្តីថ្លែងការណ៍ខាងលើនេះ បានធ្វើឡើងក្រោយពីមានការចង្អុលបង្ហាញ ពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យភាគីពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវ អំពើអាក្រក់ ដែលមិនអាចលើកលែងឲ្យបាននេះ និងដើម្បីឲ្យសាធារណជនជៀសវាងកុំឲ្យប្រព្រឹត្តសកម្មភាពអមនុស្សធម៌បែបនេះទៅលើកុមារ និងមនុស្សទូទៅ។ បើមិនដូចនោះទេ នឹងទទួលទោសតាមការកំណត់របស់ច្បាប់ ជាក់ ជាមិនខាន។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត មានករណី ជីតាម្នាក់ បានដុតសម្លាប់ចៅរបស់ខ្លួនដែលមានអាយុទើបតែ១ខែ ដោយសារតែខឹងនឹងកូនស្រី ដែលជាម្តាយក្មេងរងគ្រោះទៅរកស៊ីនៅក្រៅផ្ទះ រហូតមានប្តីមិនដឹងមុខ ហើយមានកូនដែលគាត់បានដុតសម្លាប់នេះ។ ជនដៃដល់ជាជីតាបង្កើត ឈ្មោះ សុខ ស៊ន អាយុ៥៤ឆ្នាំ បានចាប់ចៅស្រី អាយុ១ខែ ទៅដុតសម្លាប់ នៅលើផ្ទះខ្លួនឯង ដោយសារតែខឹងកូនស្រីទៅរកស៊ី ហើយមានកូនតូចនេះ។បច្ចុប្បន្ន នដៃដល់ជាជីតាបង្កើត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកំពុង កសាងសំណុំរឿងចាត់ការបន្ដ៕