(សៀមរាប)៖ ប្រជាពលរដ្ឋជាង៣០០នាក់មកពី៤ឃុំ-សង្កាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំ-សង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួក ដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ការចូលរួមសម្អាតប្រឡាយនៅពេលនេះ ធ្វើឡើងដើម្បីថែទាំប្រព័ន្ធប្រឡាយមេ ធានាការប្រើប្រាស់យូរអង្វែង ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងសម្រាប់ការងារបង្កបង្កើនផលនារដូវប្រាំង ខាងមុខនេះ។
លោក ហួត ហាយ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ខាងលិច បានឲ្យដឹងក្នុងពេលដែលលោកកំពុងដឹកនាំប្រជាពលរដ្ឋសម្អាតប្រឡាយនេះថា សហគមន៍របស់លោកមានប្រជាពលរដ្ឋ៩ឃុំ-សង្កាត់ និងមានផ្ទៃដីធ្វើសែ្រប្រាំងចំនួន៤ពាន់ហិកតា។ លោកបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរជាតិអប្សរាបានទទួលការគ្រប់គ្រងប្រព័ន្ធទឹកនៅបារាយណ៍ខាងលិចមក កសិករយើងមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល មិនមានការបារម្ភពីកង្វះខាតទឹកនោះទេ។ ការសម្អាតប្រឡាយនៅពេលនេះ គឺជួយសម្រួលទឹកឲ្យបានហូរលឿន អាចស្រោចស្រពដល់ស្រែប្រាំង ដែលនៅខាងក្រោមៗ។
លោក មាន់ ផានិត បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ដែលទទួលបន្ទុកប្រព័ន្ធស្រោចស្រពបញ្ជាក់ថា ចាប់ពីទទួលបានគោលការណ៍គ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ខាងលិចពីរាជរដ្ឋាភិបាល រយៈពេលជាង២ឆ្នាំកន្លងមកនេះ យើងបានសហការគ្នាល្អណាស់ជាមួយសហគមន៍ប្រើប្រាស់ទឹកបារាយណ៍ខាងលិច។ យើងបានជួបពិភាក្សាជាមួយពួកគាត់ជាញឹកញាប់ អំពីតម្រូវការរបស់ពួកគាត់ និងអ្វីដែលយើងត្រូវធ្វើបន្ថែមទៀត។ យើងសង្កេតឃើញថា បច្ចុប្បន្នពួកគាត់រីករាយណាស់ ដោយសារមានទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផល។
លោក ផានិត បន្ថែមថា ឆ្នាំមុនយើងមានបញ្ហាខ្លះ ដោយសាររដូវប្រាំងបានអូសបន្លាយយូរ និងទឹកទន្លេទាបមិនអាចហូរចូលទំនប់៧៨ ទើបធ្វើឲ្យអាជ្ញាធរជាតិអប្សរាសម្រេចបង្ហូរទឹកជូនប្រជាពលរដ្ឋស្រោចស្រពកសិកម្មយ៉ាងច្រើន រហូតស្ទើរតែរីងស្ងួតពីបារាយណ៍។ ប៉ុន្តែ សម្រាប់ឆ្នាំនេះវិញ យើងសង្ឃឹមថា នឹងមិនមានបញ្ហានេះឡើយ ដោយសារទំនប់៧៨ក៏មានទឹកចូល ហើយទឹកបារាយណ៍ខាងលិចក៏មានគ្រប់កម្រិតអតិបរមា ហើយអាចបញ្ជូនចេញសម្រាប់ប្រជាពលរដ្ឋស្រោចស្រពស្រែប្រាំងរបស់ពួកគាត់បានគ្រប់គ្រាន់។
ការចូលរួមសម្អាតប្រឡាយរបស់ប្រជាកសិករក្នុងពេលនេះ គឺជាការបញ្ជាក់ពីការគាំទ្រ ចំពោះអាជ្ញាធរជាតិអប្សរា ដែលបានរៀបចំប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ ឲ្យដំណើរការឡើងវិញ ដែលសកម្មភាពនេះ មិនត្រឹមតែចូលរួមក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទ ការបញ្ជៀសទឹកជំនន់តំបន់អង្គរ និងទីក្រុងសៀមរាបប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាប្រភពទឹកយ៉ាងសំខាន់ដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ការងារកសិកម្មទៀតផង។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា សូមគាំទ្រនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមក្នុងកិច្ចការអភិរក្ស ក៏ដូចជាកិច្ចការសង្គមផ្សេងៗទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានប្រគល់ការងារគ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ខាងលិច ជូនអាជ្ញាធរជាតិអប្សរា ដោយត្រូវទទួលខុសត្រូវទាំងស្រុងលើតម្រូវការទឹកសម្រាប់ស្រូវចំនួន១២០០០ហិកតា (ស្រូវវស្សា៨០០០ហិកតា ស្រូវប្រាំង៤០០០ហិកតា) និងដំណាំរួមផ្សំផ្សេងទៀតចំនួន១០០០ហិកតា និងធានាដោះស្រាយរាល់បញ្ហាគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលអាចកើតមានឡើងជាយថាហេតុ។ បន្ទាប់ពីបានទទួលគោលការណ៍នេះហើយ អាជ្ញាធរជាតិអប្សរាបានជួសជុល ស្តារឡើងវិញជាបន្ទាន់នូវទ្វារទឹក និងប្រព័ន្ធប្រឡាយនៃបារាយណ៍ខាងលិច ដែលការងារនេះ ធ្វើឲ្យប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលបានគ្រប់រដូវ៕