Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ត្រូវបានឃាតកបាញ់៤គ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅក្រុងពោធិ៍សាត់ សង្ស័យករណីគំនុំ

20-11-2016 16:14

(ពោធិ៍សាត់)៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ជាកសិករក្នុងភូមិព្រៃឱម៉ាល់ ត្រូវបានឃាតកបាញ់ ៤គ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម ខណៈដែលជនរងគ្រោះ​កំពុងបិទទ្វារបង ដើម្បីកុំឲ្យគោក្របី ទៅស៊ីដំណាំគេ។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបោសតាដុង ក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ម៉ោញ កត្តាផល នាយស្នាក់ការការិយាល័យទី២ កងទ័ពជើងគោក ប្រចាំខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះរសៀលថ្ងៃទី២០ ខែវិច្ឆិកានេះថា ជនរងគ្រោះដែលត្រូវឃាតកបាញ់សម្លាប់ចំនួន៤គ្រាប់ ខុស១គ្រាប់ និងត្រូវ៣គ្រាប់នោះ មានឈ្មោះ សុះ ទា អាយុ៦៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ទោ បានបន្តថា ក្រោយមានការផ្ទះអាវុធចំនួន ៤គ្រាប់ ត្រូវបានប្រជាពលរដ្ឋនៅទីនោះ អះអាងថា ជាករណីគុំនំ ទើបបណ្តាលឲ្យមានករណីឃាតកម្មនេះកើតឡើង ដែលជនល្មើសប្រើអាវុធម៉ាកAK-47។

បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីចាប់ខ្លួនឃាតកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកជនគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕