(ព្រះសីហនុ)៖ ប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ រស់នៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេ១ ក្រុងខេត្តព្រះសីហនុ បានថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ខណៈពេលដែលលោកអភិបាលខេត្តចុះទៅផ្សព្វផ្សាយ នូវអនុក្រិត្យលេខ១១៦ដែលរាជរដ្ឋាភិបាលបានកាត់ដីអនុក្រឹត្យ តំបន់ក្បាលឆាយជូនពួកគាត់បានរស់នៅដោយស្របច្បាប់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅចំពោះមុខប្រជាពលរដ្ឋដែលបានមកចូលរួមស្តាប់ការផ្សព្វផ្សាយ ស្ថិតនៅទីតាំងផ្លូវចូលរមនីយដ្ឋានក្បាលឆាយ លោកអភិបាលខេត្តបានថ្លែងថា ទឹកជាប្រភពនៃជីវិតដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន។ ដូចនេះដើម្បីបំរើឲ្យសេចក្តីត្រូវការរួមរបស់ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ និងមួយផ្នែកធំនៃស្រុកស្ទឹងហាវ រួមនិងស្រុកព្រៃនប់ ដីព្រៃ នៅតំបន់ក្បាលឆាយត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យ ការពារមិនអោយនរណាម្នាក់មករំលោភបំពានកាប់ព្រៃ ដើម្បីយកដីមកធ្វើជាកម្មសិទ្ធិបានបន្តទៀតឡើយ ព្រោះព្រៃទាំងនោះជាកត្តាស្រូបទាញនិងរក្សាទឹកភ្លៀងបានយ៉ាងល្អបំផុត។
លោកអភិបាលខេត្តបានបន្តថា ដោយសារតែនាពេលបច្ចុប្បន្ននេះដោយមើលឃើញថា មានបងប្អូនប្រជាពលរដ្ឋក្រីក្ររពិតប្រាកដបានចូលទៅកាប់ព្រៃ ឬទិញបន្តពីគេរំលោភយកដីមករស់នៅ និងដាំដុះដំណាំរផ្សេងៗដោយខុសច្បាប់មានចំនួនច្រើន។ ទើបសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស នោះនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យលេខ១១៦ ស្តីពីការកែសម្រួលមាត្រា ១នៃអនុក្រឹត្យលេខ៧៨អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលអនុក្រឹត្យថ្មីនេះបានកាត់ដីជូនពួកគាត់ បានរស់នៅតកូនតចៅដោយស្របច្បាប់ និងលែងភិតភ័យរាល់យប់ថ្ងៃនោះទៀតហើយ។
ជាមួយគ្នានេះគេក៏សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចប្រមាណជាង២០០នាក់ មានលំនៅដ្ឋានស្ថិតនៅក្នុង អនុក្រឹត្យថ្មីដែលចាំបាច់ត្រូវធ្វើការរុះរើចេញពីតំបន់ការពារទឹកសាបក្បាលឆាយនេះជាចាំបាច់ ប៉ុន្តែបញ្ហានេះសាលាខេត្តក៏ បានរៀបចំផ្តល់ដីបំរុងទុករួចជាស្រេចហើយសំរាប់ប្រជាពលរដ្ឋដែលប៉ះពាល់នេះ។ លោកអភិបាលខេត្តក៏បានស្នើដល់ ប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីដែលជាប់ក្នុងអនុក្រឹត្យថ្មីនេះត្រូវ រុះរើដោយខ្លួនឯងមករស់នៅកន្លែងថ្មីដែលសាលាខេត្ត បានរៀបចំទុកជូននេះ។ ហើយបើសិនជានៅរឹងរូសមិនព្រមចាកចេញសាលាខេត្តនឹងប្រើប្រាស់វិធានការច្បាប់ជាចាំបាច់ នាពេលអនាគតបើសិនជាបងប្អូនមិនព្រមចាកចេញទេនោះ។
គេសង្កេតឃើញថា ផ្ទៃដីដែលនៅប៉ះពាល់បន្តិចបន្តួចនេះគឺមានប្រជាពលរដ្ឋក្រីក្រ ហើយមានផ្ទះសម្បែងកំពុងរស់នៅ ពិតប្រាកដតែប៉ុន្មាននាក់ប៉ុណ្ណោះ ក្រៅពីនោះគឺសុទ្ធសឹងជាដីដែលមេខ្យល់ចាប់ទុកលក់យកចំណេញខ្លួនឯងប៉ុណ្ណោះ ដោយសង់ខ្ទមតូចៗបន្លំលើដីនោះ ដោយមិនមានផ្ទះសម្បែងរឹងមាំ ឬមានវត្តមានរស់នៅជាអចិន្ត្រៃយ៍នោះឡើយ។ ហើយជាងនេះទៅទៀតក៏មានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាហាន ប៉ូលីស ប៉េអ៊ឹម និងអ្នកកាសែត ទូរទស្សន៍មួយ ចំនួនតូចក៏ស្ថិតនៅពីក្រោយខ្នង នៃការទាមទារដីនេះទុកជាប្រយោជន៍ខ្លួនឯងផងដែរ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏បានស្នើដល់អ្នកពាក់ព័ន្ធទាំងឡាយសូមអោយជៀសចេញឆ្ងាយពីបទល្មើសនេះ បើពុំនោះទេរដ្ឋបាលខេត្តនឹងអនុវត្តវិធានការក្តៅជាចាំបាច់ជៀសមិនផុតឡើយ ព្រោះទឹកនេះមានសារៈសំខាន់បំផុតសំរាប់ មនុស្សជាច្រើនយកទៅប្រើប្រាស់ ៕