(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកចៅសង្កាត់ មេភូមិ និងជំនួយការភូមិ នៃសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
ក្នុងឱកាសសំណេះសំណាលនេះ សម្តេច សាយ ឈុំ បានផ្តល់អនុសាសន៍ជូនលោកចៅសង្កាត់ មេភូមិ ជំនួយការភូមិថា «គិតត្រឹមថ្ងៃនេះគឺនៅសល់តែ១០ថ្ងៃទៀតទេ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជី បោះឆ្នោត ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់ហើយ ដូច្នេះលោក លោកស្រី ត្រូវ ខំចលនាឲ្យប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាតាមវេលាដែល គ.ជ. ប បានកំណត់»។
ជាការឆ្លើយតប លោកចៅសង្កាត់ និងមេភូមិ ជំនួយការភូមិ បានឲ្យដឹងថា «នៅក្នុងសង្កាត់ទាំងមូល ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត បានទៅចុះឈ្មោះបោះឆ្នោត បានចំនួន៨,៨៦០នាក់ហើយ គិតត្រឹម ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ»៕