(កំពង់ឆ្នាំង)៖ ជុំវិញទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ៤០គ្រួសារ នៅភូមិ៧ សង្កាត់ស្ខាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ភាគីដើមបណ្ដឹងលោក ជាម ហៃ ដែលជាម្ចាស់ដីពិតប្រាដក នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចេញមុខមកបកស្រាយ និងអះអាងថា ខ្លួនមិនបានប្ដឹងជាមួយពលរដ្ឋ៤០គ្រួសារនោះទេ ពោលគឺខ្លួនប្ដឹងឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ ដែលបានយកដីរបស់ខ្លួនទៅពុះឡូត៍លក់ឲ្យប្រជាពលរដ្ឋ ដោយយោងទៅលើលិខិតទិញ និងលក់ដី របស់ប្រជាពលរដ្ឋ ដូច្នេះពលរដ្ឋកុំមានការព្រួយបារម្មណ៍អី។​

ឈ្មោះ ជាម ហៃ បានបញ្ជាក់ថា មូលហេតុដែលលោក ​ស្នើរសុំផ្ទេរសមត្ថកិច្ចពីអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ទៅភ្នំពេញ គឺដោយលោកពុំមានទំនុកចិត្ត ទៅលើចំណាត់ការរបស់តុលាការខេត្ត​កំពង់​ឆ្នាំង​។

ដោយឡែក មហាជនក្នុងខេត្តកំពង់​ឆ្នាំង បាននិយាយថា ប្រជាពលរដ្ឋរងគ្រោះ៤០គ្រួសារ អ្នកទិញដីពីឈ្មោះ អៀ គុយម៉ុង កំពុងចាញ់ឧបាយកលបោក ពីអ្នកលួចដីគេ (អៀ គុយម៉ុង) លក់ ថែមទាំង​ខ្ចីដៃប្រជាពលរដ្ឋ មកប្រើប្រាស់ឆោតលើឆោត អញ្ចឹងហើយ​ទើបឈ្មោះអៀ គុយម៉ុង ហៅក្តាន់ ប្រើល្បិចបំប៉ោងព័ត៌មានពីសទៅខ្មៅ ដោយចោទថា ខ្លួនបានប្ដឹងជាមួយពលរដ្ឋ៤០គ្រួសារ។

សូមរំលឹកថា ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ ស្ថិតនៅភូមិ៧ សង្កាត់ស្ខាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាថ្មីម្ដងទៀត សុំអំពាវនាវដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសារតែពួកគាត់ បានចំណាយលុយដែល​ខំរកទាំងលំបាក មកទិញដីឡូត៍​ដើម្បីសង់លំនៅឋាន ជាយូរខែមកហើយតែបំផុត​មិនទាន់ទទួលបានពិតបា្រកដ ដោយស្ថិត​ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ជៀម ហៃ និងឈ្មោះ លី ផេង ដដែល។

តំណាងប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ពីមុនពួកគាត់រស់នៅក្នុងទឹក បន្ទាប់មកក៏​បានចំណាយលុយទិញដីម្នាក់មួយឡូត៍ ស្ថិតនៅភូមិ៧ ដោយខ្លះចំណាយ​៣,០០០ដុល្លារ ខ្លះ៥,០០០ដុល្លារ រហូតដល់ជាង១ម៉ឺន​ដុល្លារ ពីឈ្មោះ អៀ គុយប៉ុង ជាម្ចាស់ដីឡូត៍ដើម្បីទុកសង់លំនៅឋាន​រស់នៅនឹងគេ ប៉ុន្ដែពេលដែលពួក​គាត់បោះបង្គោល តាមព្រំដីនោះស្រាប់តែ ឈ្មោះ ជៀម ហៃ និងបក្ខពួករបស់គាត់បានមកដកបង្គោលចោល ដោយអះអាងថា គឺជាដីរបស់ខ្លួនដូច្នេះប្រជាពលរដ្ឋ គ្មានសិទ្ធិកាន់កាប់នោះទេ។

តាមការសាកសួរព័ត៌មាន ពីជម្លោះដីធ្លីនេះពីដំបូងឡើយឈ្មោះ ជៀម ហៃ ជាម្ចាស់កម្មសិទ្ធិ ក្នុងផ្ទៃដី ៥.៥ហិចតា បន្ទាប់មកឈ្មោះនេះ បានលក់ទៅឲ្យឈ្មោះ សាយ សូ ក្នុងតម្លៃប្រមាណ១៦ម៉ឺនដុល្លារ បន្ទាប់មកឈ្មោះ សាយ សូ ក៏បានចាត់តាំងតំណាងរបស់ខ្លួន ឈ្មោះ លី ផេង យកលុយទៅប្រគល់ឲ្យ ឈ្មោះ ជៀម ហៃ ជាង១៤ម៉ឺនដុល្លារ។ សម្រាប់លុយទិញដីទាំងនេះ ឈ្មោះ សាយ សូ គឺបានយកលុយពីឈ្មោះ អៀ គុយប៉ុង ទើបក្រោយមកទៀត ក៏បានផ្ទេរកម្មសិទ្ធិដីទាំងអស់នេះមកឲ្យឈ្មោះ អៀ គុយម៉ុង។ ឈ្មោះ អៀ គុយប៉ុង ក៏បានពុះឡូត៍ដីខាងលើ ទៅឲ្យប្រជាពលរដ្ឋបច្ចុប្បន្ន ប្រមាណ៤០គ្រួសារ ប៉ុន្ដែនៅទីបំផុតបែរឈ្មោះ ជៀម ហៃ និងឈ្មោះ លី ផេង មកដកបង្គោលចោល រហូតកាន់កាប់មកដល់ពេលនេះ។

ប្រជាពលរដ្ឋបាននិយាយទៀតថា ក្រោយពីឈ្មោះ ជៀម ហៃ និងបក្ខពួកមកដកបង្គោល​ព្រំរបងដី ព្រមទាំងបំផ្លិចបំផ្លាចរោងយាមផងនោះ ក៏ពួកគាត់បានដាក់ពាក្យបណ្ដឹង​ទៅអយ្យការអមសាលា​ដំបូងខេត្តកំពង់​ឆ្នាំង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ដោយចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនា។ ប៉ុន្ដែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទាំង៤០គ្រួសារ មិនទាន់ទទួល​បានពន្លឺ​យុត្តិធម៌​នៅឡើយទេ ពីតុលាការខេត្ត។

មិនត្រឹមតែមិនទាន់ទទួលបានពន្លឺយុត្តិធម៌ ស្រាប់តែសំណុំ​រឿងនេះ ឈ្មោះ ជៀម ហៃ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានសុំអន្ដរាគមន៍ទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ដោយ​សុំ​ផ្ទេរ​សមត្ថកិច្ចនៃសំណុំរឿងព្រហ្មទណ្ឌ ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ។ លិខិតសុំអន្ដរាគមន៍នេះ ត្រូវបានលោករដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌សម្រេចឯកភាព កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦​ផងដែរ​។

ចំពោះការផ្ទេរសមត្ថកិច្ចនៃសំណុំរឿង មកកាន់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រជាពល​រដ្ឋលើកឡើងថា រឹតតែអូសបន្លាយ​រឿងក្ដីតទៅទៀត ហើយបើកាត់​ក្ដីនៅភ្នំពេញ ពួកគាត់មិន​មានលទ្ធភាព​ចូលរួម តាមនីតិវិធីនោះទេ ពីព្រោះគ្មានពេលវេលាគ្រប់គ្រាន់ និងខ្វះខាតថវិកា សម្រាប់ធ្វើសោរហុយទៀតផង។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា «ពួកយើងខ្ញុំជាប្រជាជនរងគ្រោះ បាត់បង់ជំនឿលើការស្វែងរកយុត្តិធម៌ ក្នុងករណីដែល​សំណុំ​រឿង​បញ្ជូន​កាន់តែ​ឆ្ងាយ ព្រោះសម្បីតែសំណុំរឿង នៅត្រឹមខេត្តកំពង់ឆ្នាំង មកទល់នឹងពេលនេះ មិនទាន់ស្វែងរកយុត្តិធម៌​ឲ្យពួកយើងខ្ញុំបាននៅ​ឡើយផង ដូច្នេះយើងខ្ញុំ​​សូម​ស្នើ ឯកឧត្តមរដ្ឋមន្ដ្រី ទុកលទ្ធភាព​ឲ្យ​ពួក​យើងខ្ញុំ ស្វែងរកយុត្តិធម៌នៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងនៅសាលាដំបូងខេត្តកំពង់ឆ្នាំង ហើយប្រសិនបើភាគីណា​មួយមិន​សុខចិត្ត គឺអាចប្ដឹងទៅសាលា​ជម្រះក្ដីថ្នាក់​លើបន្ដទៀត»​