(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើស ក្រសួងមហាផ្ទៃ នៅវេលាម៉ោង២៖៣០អាធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានស្ទាក់ចាប់រថយន្តធុនធំ១គ្រឿងលួចដឹកឈើប្រណិតប្រភេទធ្នង់លោតឆ័ត្រ ឆ្ពោះទៅប្រទេសវៀតណាម ខណៈធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ មានទិសដៅពីលិចទៅកើត ត្រង់ចំណុចភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ដោយទទួលបទបញ្ជាពីលោកស្នងការ និងស្នងការរង ទទួលបន្ទុកនោះ រូបលោកបានដឹកនាំកម្លាំងស្រាវជ្រាវក្រុមរកស៊ីបទល្មើស លុះទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ សង្ស័យរថយន្តខាងលើដឹកឈើ ក៏សុំយោបល់ពីថ្នាក់លើ និងមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងផងនោះ ស្ទាក់ចាប់ត្រួតពិនិត្យ បានរថយន្ដមួយគ្រឿង ព័ណ៌ស ពាក់ស្លាកលេខក្រចេះ3A-0410 ផ្ទុកឈើប្រណិតធ្នង់ជាច្រើនដុំ។
លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្តថា បន្ទាប់ពីឃាត់រថយន្តនោះអ្នកបើកបានរត់គេចខ្លួនបាត់តែម្តង ហើយសមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅស្នងការនគរបាលខេត្តរតនគិរី ទើបនៅព្រឹកនេះប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌរតនគិរី ចាត់ការបន្តតាមនីតិវិធី៕