(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជននៅក្នុងសប្តាហ៍នេះ បានធ្វើដំណើរជាបន្តបន្ទាប់ចុះជួបអតីតនៅខេត្តស្វាយរៀង ព្រៃវែង និងត្បូងឃ្មុំសរុបជិត ២ពាន់នាក់ ដើម្បីសំណេះសំណាល និងស្វែងយល់ពីទុក្ខលំបាករបស់អតីតយុទ្ធជនកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ព្រមទាំងបានដាក់ចេញនូវវិធានការមួយចំនួនក្នុងការដោះស្រាយបញ្ហា ក៏ដូចជាផ្តល់ការគាំពារលើអតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបជាបន្តបន្ទាប់ជាមួយអតីតយុទ្ធជននោះ នាយឧត្តមសេនីយ៍ គន់ គីម តែងបានលើកបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន។ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានក្រើនរំលឹករូបលោក ឲ្យចុះជាប់ជាប្រចាំ និងចុះឲ្យដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន ដើម្បីបានជ្រាបច្បាស់ពីសុខទុក្ខរបស់អតីតយុទ្ធជន និងដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងជំនួបដោយផ្ទាល់ជាមួយអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា អតីតយុទ្ធជនគឺជាវរជនដ៏ពិតប្រាកដសម្រាប់ ជាតិមាតុភូមិ និងពលីកម្មសព្វបែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាពសម្រាប់ជាតិ នាំជាតិចេញពីភ្លើងសង្រ្គាម នាំឲ្យមានការអភិវឌ្ឍដូច ពេលបច្ចុប្បន្ន។
លោកបានថ្លែងបញ្ជាក់ដូច្នេះ «បងប្អូន (អតីតយុទ្ធជន) បានធ្វើពលីកម្មច្រើនណាស់សម្រាប់សន្តិភាពដែលយើងទទួលបានដូចសព្វថ្ងៃនេះ បងប្អូន គឺជាវីរជនដ៏ពិតប្រាកដ។ ការធ្វើពលីកម្មរបស់បងប្អូនអតីតយុទ្ធជនយើង ដែលបានលះបង់នៅសាច់ស្រស់ឈាមស្រស់ លះបង់ ប្តី ប្រពន្ធ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជនយើង»។
នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកថា ក្នុងមហាសន្និបាតសមាគមអតីតយុទ្ធជនលើកទី២ បានប្រគល់ភារកិច្ចឲ្យកងកម្លាំងប្រដាប់អាវុធទទួលមើលការខុសត្រូវចំពោះសមាជិកសមាគមអតីតយុទ្ធជនទូទាំងប្រទេស។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានក្រើនរំលឹកទៅដល់អាជ្ញាធរគ្រប់ថ្នាក់ ដែលជាប្រធានកិត្តិយស និង មេប៉ុស្តិ៍ជាប្រធានសាខានៅថ្នាក់ឃុំ/សង្កាត់ ត្រូវជួយគាំពារអតីតយុទ្ធជន គិតគូរពីសុខភាព ជីវភាព។ ជាពិសេសនៅពេលអតីតយុទ្ធជនមានធុរៈត្រូវចេះចលនាសមាជិក សមាគមអតីតយុទ្ធជននៅមូលដ្ឋានឲ្យចូលរួមជួយគ្នា។
នាយឧត្តមសេនីយ៍គន់ គីម ក៏បានផ្តាំផ្ញើឲ្យអញ្ជើញអតីតយុទ្ធជនឲ្យចូលរួមគ្រប់កម្មវិធីនៅតាមមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន ឲ្យសមនិងគុណបំណាច់ដែលពួកគាត់បានប្រឹងប្រែងដើម្បីមាតុភូមិកម្ពុជា៕