(ញូយ៉ក)៖ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តយល់ព្រមក្នុងការបង់ប្រាក់ចំនួន២៥លានដុល្លារ ដើម្បីបញ្ចប់សំណុំរឿងក្តីពាក់ព័ន្ធនឹងការធ្វើសិក្ខាសាលា របស់សកលវិទ្យាល័យ «Trump» ដែលលោកបានបង្កើតឡើងនៅឆ្នាំ២០០៥ ហើយត្រូវបានបិទទ្វារទៅវិញកាលពីឆ្នាំ២០១០។ នេះបើការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាយប់ថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការសម្រេចយល់ព្រមរបស់អនាគតប្រធានាធិបតីអាមេរិកថ្មីរូបនេះ ត្រូវបានប្រកាសឡើងដោយលោក Eric Schneiderman ដែលជាអគ្គរដ្ឋអាជ្ញានៃទីក្រុងញូយ៉ក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាន់ជំហរបដិសេធជាច្រើនលើកច្រើនសារ មិនព្រមបង់ប្រាក់ពិន័យដើម្បីបញ្ចប់រឿងក្តីឡើយ ទោះបីជាកាលនោះទឹកប្រាក់សម្រាប់ សងជំងឺចិត្តដល់សិស្សនិសិ្សតទាំងអស់ដែលជាជនគ្រោះ ពីសំណាក់សាលាឆរបោក «Trump University» មានចំនួនតិចជាងលើកនេះក៏ដោយ។
លោក Schneiderman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងនៃការបង់ប្រាក់ចំនួន២៥លានដុល្លារនៅថ្ងៃនេះ គឺជារឿងគួរឲ្យភ្ញាក់ ផ្អើល និងផ្ទុយស្រឡះមួយចំពោះលោក ដូណាល់ ត្រាំ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ជាជោគជ័យដ៏ធំធេងមួយផងដែរ សម្រាប់ជនរងគ្រោះជាង៦,០០០នាក់ ដែលបានចូលទៅសិក្សានៅឯសកលវិទ្យាល័យ «Trump»។
យ៉ាងណាមិញលោក Daniel Petrocelli ដែលជាមេធាវីការពារក្តីរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា នៅក្នុងការព្រមព្រៀងគ្នានេះកូនក្តីរបស់លោក មិនបានទទួលសារភាពថា បានប្រព្រឹត្តខុសឆ្គងនោះឡើយ ប៉ុន្តែវាបានស្តែងឲ្យឃើញយ៉ាងច្បាស់ពីគោលបំណងរបស់លោក ត្រាំ ក្នុងទុកអារម្មណ៍ផ្ទាល់ខ្លួនដោយ ដើម្បីស្រាយបញ្ហាបញ្ហាចំពោះមុខ។
គួរបញ្ជាក់ដែរថា សកលវិទ្យាល័យ Trump ផ្តល់វគ្គជំនាញសិក្សាផ្នែកខាងហិរញ្ញវត្ថនៃអចលនទ្រព្យ ត្រូវបានចោទប្រកាន់ពីបទធ្វើប្រតិបត្តិដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយដោយប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារខិលខូចរបស់ខ្លួន បានបោកប្រាស់សិស្សនិងនិសិ្សតនូវការសិក្សាអប់រំ ដែលពួកគេមិនដែលទទួលបាននោះឡើយ៕