(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌខណ្ឌទួលគោក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារង បានបង្ក្រាបទីតាំងកត់កន្ទុយលេខវៀតណាម២កន្លែង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

មន្ដ្រីនគរបាលខណ្ឌ បានឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅ២ទីតាំង ដែលទីតាំងទី១៖ តូបលេខ១៩០ និងលេខ១៩១ ឃាត់ខ្លួន បានជនសង្ស័យ៤នាក់ ទី១៖ឈ្មោះ សុខ ធារី អាយុ៣១ឆ្នាំ មុខរបរលក់បន្លែ (ជាភ្នាក់ងារស៊ីសង) ទី២៖ឈ្មោះ ណុច ឈុនលីម អាយុ២២ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤ (ជាភ្នាក់ ងារស៊ីសង) ទី៣៖ឈ្មោះ សុខ ផល្លា អាយុ៥៣ឆ្នាំ ជាអ្នកមកចាក់ភ្នាល់ និងទី៤៖ឈ្មោះ ហេង សុឃាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើករថយន្ត (ជាអ្នកចាក់ភ្នាល់)។ ក្នុងនោះកម្លាំងជំនាញ ដកហូតបាន លុយ ១៤៧,០០០រៀល និងឧបករណ៍ឆ្នោតមួយចំនួនទៀត។

នគរបាលដដែល បន្ថែមថា ទីតាំងទី២ នៅច្រកចូលផ្សារខាងជើង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឃឹម ដារ៉ាវុធ អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ (ជាភ្នាក់ងារស៊ីសង) ដកហូតបានលុយ ២,០០៥,៥០០រៀល និងឧបករណ៍សម្រាប់កត់ឆ្នោតមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមផ្លូវច្បាប់៕