(ភ្នំពេញ)៖ អង្គការផ្ទះមេត្តា «Meta House» បានដាក់បង្ហាញទស្សនីយភាពនៃការសម្តែងល្ខោននិយាយរឿង «អណ្តើកក្លាហាន» ជូនដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហមជាច្រើននាក់ទស្សនា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់។  

លោក នីកូ ម៉ាស្ទ័រហាម ( Nico Masterham) ប្រធានអង្គការផ្ទះមេត្តាបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦មកគម្រោង«អណ្តើកក្លាហាន» បានដំណើរការចេញទៅ សម្តែងតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ។ នេះជាលើកដំបូងដែលល្ខោន និយាយត្រូវបានប្រើជាវិធីសាស្ត្រអប់រំ ថ្មីនៅក្នុងថ្នាក់រៀន ដើម្បីបង្កើនចំណេះដឹងនិងការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហមទៅកាន់សិស្ស និស្សិត កម្ពុជា។

លោកបានបន្តថា រហូតមកដល់ពេលបច្ចុប្បន្ននេះ យុវជនច្រើនជាង១ម៉ឺននាក់ បានចូលរួមក្នុងកម្មវិធីនេះដោយបានសម្តែងនៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជាដូចជានៅ សាកលវិទ្យា​ល័យបញ្ញាសាស្ត្រ, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យឯកទេសនៃកម្ពុជា, សាកលវទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ សាកលវទ្យាល័យបាត់ដំបង, សាកលវិទ្យាល័យអន្តរជាតិឌួវី ក្នុងខេត្តបាត់ដំបង និងវិទ្យាស្ថានប្រាយហូបក្នុងខេត្តកំពង់ឆ្នាំង។កម្មវិធីនេះរួមមានកិច្ចសន្ទនា​អន្តរជំនាន់ជាមួយដើម​បណ្តឹងរដ្ឋប្បវេណីការ បញ្ជាំងខ្សែភាពយន្តការប្រកួតគួរគំនូរ និងការផលិតខ្សែភាពយន្តថ្មី។

លោកបានបន្ថែមថា គម្រោងនេះត្រូវបានដាក់ស្នើជាគម្រោងសំណងផ្លូវ​ច្បាប់ទៅកាន់សាលា​ក្តីខ្មែរក្រហម និងបច្ចុប្បន្នកំពុងត្រូវ​បានដាក់បញ្ចូល ទៅក្នុងបញ្ជីនៃ «ការធានាមិនឲ្យកើតឡើងវិញ» ក្រោមកិច្ចសហការ ជាមួយអង្គភាពគាំពារជនរងគ្រោះនិងតំណាងសហមេធាវី​នាំមុខដើមបណ្តឹងរដ្ឋប្បវេណី​នៃអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា។

លោកប្រធានអង្គការបានបញ្ជាក់ថា គម្រោង «អណ្តើកក្លាហាន» អាចធ្វើប្រតិបត្តិការទៅបានក៏ដោយសារមូល​និធិពីសហភាពអឺរ៉ុប​«EU»និងវិទ្យាស្ថានទំនាក់ទំនង​កិច្ចការបរទេសអាល្លឺម៉ង់​ហៅកាត់ថា(IFA)​ដោយ រួមសហការ ជាមួយក្រសួងអប់រំយុវជននិងកីឡា។

អង្គការក្រៅរដ្ឋភិបាលជាដៃគូរួមមានអង្គការសកម្មភាពសិល្បះខ្មែរ និងអង្គការយុវសន្តិភាព និងមានជំនួយឧបត្ថម្ភបន្ថែមទៀតបានមកពីក្រុមហ៊ុន​ទូស័ព្ទចល័ត Smart និងក្រុមហ៊ុនភេសជ្ជៈ Freshy។ គម្រោងនេះសហភាពអឺរ៉ុប« EU»​បានផ្តល់ថវិកាសរុបចំនួន ៧២៤,៧០០ អឺរ៉ូ ដែលការផ្តល់នេះធ្វើឡើងតាមរយៈដំណើរការមួយដែលមានភាពប្រកួតប្រជែង។

លោកចច អែដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបបានឲ្យដឹងថា ជំនួយឥតសំណងទាំងនេះ​គឺជាការរួមចំណែកដ៏សំ​ខាន់មួយដែល​មិនត្រឹមតែសម្រាប់​ការខិតខំតស៊ូរបស់ ប្រទេសកម្ពុជា​ដើម្បីការ ផ្សះផ្សារ និងយុត្តិធម៌នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអប់រំ​យុវជនជំនាន់ក្រោយ​របស់ប្រទេសកម្ពុជា​ផងដែរ។ការលើកទឹកចិត្ត និងការពង្រឹងការចងចាំ​អំពីប្រវត្តិសាស្រ្តក្នុងចំណោម​ប្រជាជនទាំងមូលក៏ ដូចជាបុគ្គលម្នាក់ៗមានន័យ​ថាជាការបង្កើនចំណេះ​ដឹង និងការយល់ដឹងអំពីសារសំខាន់​នៃការគោរពសិទ្ធិមនុស្ស៕