(បាត់ដំបង)៖ កម្មករខ្មែរប្រុសស្រីរបួស៦នាក់ ត្រូវបានក្រុមសន្តិសុខជនជាតិថៃ ដែលយាមប្រចាំការនៅផ្សារថៃ បានព្រួតវាយយ៉ាងសាហាវ នៅក្នុងទឹកដីផ្សារថៃ ច្រកអន្តជាតិដូង (បានឡែម) ស្ថិតស្រុកកំរៀង ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញកម្មករប្រហែល៦នាក់ មកអង្គុយផឹកស្រានៅមុខតូបលក់ឥវ៉ាន់ម្ចាស់ អ្នកលក់ជាខ្មែរ ដោយអ្នកផឹកបានក្អួត និងនិយាយឮខ្លាំងនៅមុខតូបគេ ហើយម្ចាស់តូបក៏បានប្រាប់ និងដេញអ្នកផឹកចេញតែអ្នកផឹក នៅតែសុំបន្តបន្តិចទៀតសិន។ ពេលនោះម្ចាស់តូបក៏បានហៅសន្តិសុខយាមផ្សារថៃ មកដេញកម្មករដែលផឹកទីនោះ ទើបបង្កឲ្យមានជម្លោះ កើតឡើងរហូតសន្តិសុខផ្សារនោះទ្រាំមិនបាន ក៏ហៅសន្តិសុខដូចគ្នា មកវាយលើកម្មករខ្មែរ នឹងដំបងបណ្ដាលឲ្យបែកក្បាល និងបាក់ដៃម្នាក់។
ឃើញដូចនោះបងប្អូនជនរងគ្រោះ ចូលទៅឃាត់ ក៏ត្រូវសន្តិសុខវាយឲ្យរបួសដែរ ពេលដែលវាយឆ្អែតសន្តិសុខ ក៏នាំគ្នាដើរចេញអស់ ចំណែកជនរងគ្រោះ ត្រូវបានដឹកតាមរទេះរុញ និងរ៉ឺម៉កមកមន្ទីរពេទ្យខ្មែរ នៅស្រុកសំពៅលូនវិញ។
មកទល់ពេលនេះ ព័ត៌មានហាក់បីដូចត្រូវបានគេលាក់បាំង ដោយមិនបានរាយការណ៍ឲ្យបានច្បាស់លាស់នោះទេ។ រីឯជនរងគ្រោះ ដែលត្រូវសន្តិសុខផ្សារថៃ វាយឲ្យរបួសធ្ងន់ ដល់ថ្នាក់ផុងលលា ហើយគេមិនទាន់ដឹងថា វាសនារបស់ជនរងគ្រោះ ស្លាប់ ឬរស់នោះទេ ខណៈក្រុមគ្រូពេទ្យស្រុកសំពៅលូន កំពុងជួយសង្រ្គោះនៅឡើយ៕