(ភ្នំពេញ)៖ បុរសម្នាក់ដែលមាន Account Facebook ឈ្មោះ Prum Visal បានសុំអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រសួងសុខាភិបាល ជួយរកយុត្តិធម៌ ករណីឪពុករបស់លោក បានស្លាប់បាត់បង់ជីវិតមួយរំពេច នៅពេលដែលបញ្ជូនទៅព្យាបាល នៅមន្ទីរសម្រាកព្យាបាល វេជ្ជបុត្រ ស្ថិតនៅផ្ទះលេខ១៨៩ ផ្លូវ៤៣២ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន (ផ្លូវបំបែកជា៥ទល់មុខហ្គាសរ៉ាសសាំងតូតាល់) ខាងលិចផ្សារទួលទំពូង ចម្ងាយ៥០០ម៉ែត្រ បន្ទាប់ពីឪពុករបស់ខ្លួន មានអាការៈ ក្អួតចង្អោ និងចុកចុងដង្ហើម ដោយសារតែពុលចំណី។
ម្ចាស់ Account Facebook រូបនេះ មិនបានប្រើពាក្យចំៗ ចោទប្រកាន់ទាំងស្រុងទៅលើគ្រួពេទ្យនៃគ្លីនិកឯកជនមួយនេះទេ គ្រាន់តែរៀបរាប់ពីនីតិវិធីជួយសង្គ្រោះ របស់គ្រួពេទ្យដែលមើលទៅ ដូចជា មិនទំនងសោះ ពោលគ្រួពេទ្យ បានដាក់សេរ៉ូម ឪពុករបស់លោក ២ប្លោក នៅដៃសងខាង ហើយរយៈពេលមិនដល់១ម៉ោងផង គ្រូពេទ្យបានបន្ដដាក់ សេរ៉ូម៣ប្លោកថែមទៀត ធ្វើឲ្យមុខឪពុករបស់លោក ប៉ោងដូចប៉ាល់ បែរជាគ្រួពេទ្យស្រេចប្រាប់ឲ្យគាត់ខំប្រឹងនោមទៅវិញ។
ខាងក្រោមនេះ គឺជាការរៀបរាប់របស់លោក Prum Visal នៅក្នុង Facebook ក្នុងរយៈពេលជាង៣ម៉ោង មានអ្នកចុច Like ជាង២,៤០០នាក់ ចុច Share ជាង២,៥០០នាក់ និង Comment ជាច្រើនទៀត យ៉ាងដូច្នេះថា «គ្រួរសារខ្ញុំបាទមានទុក្ខជាទម្ងន់លោកប៉ាខ្ញុំបានស្លាប់បាត់ហើយ។ ប៉ារបស់ពុលចំណីហើយបានចូលទៅ គ្លីនិកវេជ្ជបុត្រ កាលពីពេលដែលប៉ាខ្ញុំចូល គឺគាត់គ្រាន់តែមានអារការៈ ក្អួត និងចុកចុងដង្ហើម តែអាចដើរចូលបានដោយខ្លួនឯង តើមានដែរ ឬអត់ដែលក្នុងពេលតែមួយខាងពេទ្យដាក់សេរ៉ូមម្ដង២ផ្លោកដៃសងខាង។ ហើយរយះពេលមិនដល់មួយម៉ោងផង ខាងពេទ្យបានដាក់សេរ៉ូមឲ្យប៉ាខ្ញុំអស់ដល់ទៅ៣ផ្លោក... ពោះប៉ាខ្ញុំឡើងប៉ោងដូចបាល់ ខាងពេទ្យបែរជាស្រែកប្រាប់ប៉ារបស់ខ្ញុំ ឲ្យខំប្រឹងនោម... ហើយប៉ាខ្ញុំមិនស្រួលខ្លាំងគាត់ខំបោចសេរ៉ូមចេញពីដៃទាំងសងខាង តែខាងពេទ្យបាននាំគ្នាចាប់ប៉ារបស់ខ្ញុំ គ្រៀកជាប់ ហើយចាប់ដាក់សេរ៉ូមវិញ រហូតប៉ាខ្ញុំដាច់ខ្យល់ បានខាងពេទ្យនាំគ្នាដឹកប៉ាខ្ញុំបញ្ជូនចេញ។ ប៉ាខ្ញុំមិនដែលធ្វើបាបអ្នកណាទេ ហេតុអ្វីក៏មានរឿងចឹងកើតឡើងលើគ្រួរសារខ្ញុំទៅវិញ សុំសម្ដេច និងលោកជំទាវ ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំទាំងអស់មេត្ដាជួយរកយុត្ដិធម៌ឲ្យគ្រួរសារខ្ញុំបាទផង»
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អង្គភាព Fresh News បានទូរស័ព្ទទៅកាន់លេខលើតុ ០២៣ របស់គ្លីនិកហើយបានជួប បុគ្គលិកម្នាក់ផ្នែកគណនេយ្យដោយប្រាប់ថា «នៅពេលនេះមេរបស់ខ្ញុំ មិននៅទេចាំគាត់ត្រឡប់មកវិញ នឹងបកស្រាយជូន»៕