(ពោធិ៍សាត់)៖ លោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកគម្រោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុ តាមបែបវិមជ្ឈការ (សមាសភាគ១) នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះប្រគល់ទទួល អគាររដ្ឋបាល អគារសាលប្រជុំ និងបន្ទប់ទឹកសាធារណៈ របស់សាលាស្រុកវាលវែង ដែលទើបនឹងសាងសង់ហើយថ្មីៗ ទៅឲ្យគណៈអភិបាលស្រុក ដើម្បីយកកន្លែងធ្វើឲ្យសមស្របចាប់ពីថ្ងៃនេះតទៅ។

ពិធីប្រគល់ទទួលអគារខាងលើនេះ ធ្វើឡើងនៅសាលប្រជុំថ្មីសាលាស្រុកវាលវែង ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រធានក្រុមការងារចុះជួយ ស្រុកវាលវែង លោក ហេង សុភាណា អភិបាលស្រុកវាលវែង ប្រតិភូថ្នាក់ក្រសួង ខេត្ត និងមន្ត្រីរាជការជាច្រើននាក់។

លោក ហេង សុភាណា អភិបាលស្រុកវាលវែង បានឲ្យដឹងថា បន្ទាប់ពីរដ្ឋបាលសាលាស្រុក ប្រកាសបើកសំណើដេញថ្លៃ អគាររដ្ឋបាល អគារសាលប្រជុំ និងបន្ទប់ទឹកសាធារណៈរួចមក មានក្រុមហ៊ុនចំនួន៥​បានចូលរួមដេញថ្លៃ ក្នុងនោះក្រុមហ៊ុនទទួលបានជ័យលាភី គឺក្រុមហ៊ុនតាន់តាន់ អេនធ័រប្រាយចំកាត់ ហើយរដ្ឋបាលសាលាស្រុក បានចុះកិច្ចសន្យាអនុវត្តគម្រោង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ដែលមានរយៈពេលសាងសង់៩ខែ ក្នុងតម្លៃ ២៧៤,៨៩៦,៩៦ដុល្លារ លើសពីតម្លៃគម្រោង ១៤៣,៥២ដុល្លារ តែសាលាស្រុកវាលវែង សម្រេចបំពេញបន្ថែម។

លោកអភិបាលស្រុកបន្តថា ចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់ រហូតដល់សាងសង់រួចរាល់ជាស្ថាបពរ ក្រុមហ៊ុនបានស្នើសុំពន្យាពេល នៃកិច្ចសន្យាចំនួន២លើក ដោយលើកទី១ មានរយៈពេល៣ខែ (ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៦) និងលើកទី២ មានរយៈពេល២ខែ (ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០១៦) ដោយសារការសាងសង់ ស្ថិតក្នុងរដូវវស្សា ពិបាកក្នុងការដឹកជញ្ជូនសម្ភារៈ ស្របពេលដែលក្រុមហ៊ុនចិន កំពុងស្ថាបនាផ្លូវជាតិលេខ ៥៥ថ្មីផងដែរ។

លោក ម៉ៅ ធនិន និងលោក លេង វី បានថ្លែងដែរថា ក្រោយពីបានចុះមកពិនិត្យអគាររដ្ឋបាល អគារសាលប្រជុំ និងបន្ទប់ទឹកសាធារណៈនោះរួចមក លោកបានធ្វើការកោតសរសើរ ដល់ក្រុមហ៊ុនទទួល​ម៉ៅការសាងសង់ ដែលធ្វើទៅតាមស្តង់ដារក្រសួង​មហាផ្ទៃបានកំណត់ដាក់ឲ្យ ហើយអគារទាំងនេះ បានធ្វើយ៉ាងផ្ចិតផ្ចង់តាមរចនាបទរបស់ខ្មែរ ទាំងក្នុងសាលប្រជុំ និងក្នុងបន្ទប់ធ្វើការ ភាគច្រើនគឺស្រស់​ស្អាត និងមានខ្យល់អាកាសល្អ។ លោកបានធ្វើការផ្តាំផ្ញើ ដល់អាជ្ញាធរស្រុក ក្រោយពីទទួលបានអគារថ្មីនេះហើយ ត្រូវចេះថែទាំឲ្យបានល្អ សម្រាប់បន្តទៅកូនចៅ ហើយជំនាក់ក្រោយៗទៀត។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានបន្តជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនក្រុមគ្រួសារអ្នករត់ម៉ូតូឌុប និងតាក់ស៊ី នៅស្រុកវាលវែងផងដែរ៕