(ឧត្តរមានជ័យ)៖ ក្រោយពីសាងសង់ផ្ទះអស់រយៈពេល៩ថ្ងៃ រួចមកនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ កាកបាទ​ក្រហមកម្ពុជា រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានប្រគល់ផ្ទះទំហំ ៤x៦ ម៉ែត្រធ្វើពីឈើ ប្រក់ប្រូស៊ីម៉ង់ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកស្រី ព្រំ សារុំ  អាយុ ៣៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅជាមួយមេរោគអេដស៍ ដែលមានកូន២នាក់ និងម្ដាយចាស់ ក្នុងបន្ទុកគ្រួសារ រស់នៅភូមិ​សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

លោកស្រី រួមទាំងម្តាយ និងកូន មានក្តីរំភើបឥតឧបមា និងបានសម្ដែងនូវដឹងគុណ និងថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែង​តែយកចិត្តទុក​ដាក់​ខ្ពស់ចំពោះ ស្ត្រីមេម៉ាយមានជីវភាពខ្វះខាត ជាពិសេសអ្នកដែលរស់នៅជាមួយមេរោគអេដស៍ ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ដូចពាក្យថា៖ «កាកបាទក្រហមកម្ពុជា​មានគ្រប់​ទី​កន្លែង សម្រាប់គ្រប់ៗគ្នា»

ជាមួយនឹងប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកវេជ្ជៈ អ៊ុយ​ សំអាត​ បានមានប្រសាសន៍ផ្ដាំដល់លោកស្រី ព្រំ សារុំ សូមថែរក្សាអនាម័យ​ជុំវិញផ្ទះ ដើម្បីលុបបំបាត់ជម្រកមូស ដែលជាប្រភពបង្កជំងឺផ្សេងៗ ជាពិសេសជំងឺគ្រុនចាញ់។ បន្ថែមពីនេះទៀត សូមលោកស្រីទៅទទួលថ្នាំប្រឆាំងនឹងមេរោគអេដស៍អោយបានទៀងទាត់។

អំណោយមនុស្សធម៌ដែរបានផ្តល់ជូនលោកស្រី រួមមាន៖ អង្ករ១០០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ឃីត២ (មុង២ ភួយ២ សារុង២ ក្រមា២) និងថវិកាមួយចំនួន។ ដោយឡែក អ្នកជិតខាង និងចាស់ៗ ទទួលបានសារុង១ ក្រមា១ និងថវិកា ១០,០០០រៀល។

ទន្ទឹមនឹងការប្រគល់ផ្ទះនេះដែរ លោកវេជ្ជ. អ៊ុយ ​សំអាត​ បានឆ្លៀតឱកាសចុះមើលស្រះទឹកដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីឆ្នាំ២០១២ នៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕