(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោករដ្ឋមន្ដ្រី ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារគណបក្សស្រុកបារាយណ៍ ដោយមានការចូលរួមពី ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ និងសកម្មជនយុវជនគណបក្សគ្រប់ថ្នាក់ ដើម្បីពិនិត្យ និងជំរុញការចុះឈ្មោះបោះឆ្នោត និងការងារពង្រីកសមាជិកបក្សថ្មី ពិសេសការជំរុញឲ្យប្រជាពលរដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជា ឲ្យទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។
លោករដ្ឋមន្ដ្រី ថោង ខុន ប្រធានក្រុមការងារ បានណែនាំឲ្យក្រុមការងារគ្រប់ភូមិ និងឃុំទូទាំងស្រុក ត្រូវយកចិត្តទុកដាក់ខិតខំ ជំរុញឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខិតខំកសាងសមាជិកបក្សថ្មី ឲ្យបានកាន់តែច្រើនថែមទៀត ពង្រឹងការងារសតិអារម្មណ៍នយោបាយ នៅមូលដ្ឋាន ខិតខំផ្តល់សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងការធ្វើអំពើល្អរបស់មន្ត្រីបក្ស អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន សម្ដៅបង្កើនភាពជឿជាក់ និងទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋអំណាចមូលដ្ឋាន រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ជាក់ស្តែង គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋទូទាំងស្រុកបារាយណ៍ បានទៅចុះឈ្មោះបោះឆ្នោតមានចំនួន ៨៨,៨៨៣នាក់ ស្មើនឹង៧០,៧៦% នៃប្រជាពលរដ្ឋសរុបចំនួន១២៥,៦០៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជា បានទៅចុះឈ្មោះចំនួន៥៣,០២០នាក់ ស្មើនឹង ៩៣,៨០%នៃសមាជិកបក្សសរុប៕