(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ ស្ថិតនៅភូមិ៧ សង្កាត់ស្ខាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាថ្មីម្ដងទៀត សុំអំពាវនាវដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសារតែពួកគាត់ បានចំណាយលុយដែលខំរកទាំងលំបាក មកទិញដីឡូត៍ដើម្បីសង់លំនៅឋាន ជាយូរខែមកហើយតែបំផុតមិនទាន់ទទួលបានពិតបា្រកដ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ឈ្មោះ ជៀម ហៃ និងឈ្មោះ លី ផេង ដដែល។
តំណាងប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ពីមុនពួកគាត់រស់នៅក្នុងទឹក បន្ទាប់មកក៏បានចំណាយលុយទិញដីម្នាក់មួយឡូត៍ ស្ថិតនៅភូមិ៧ ដោយខ្លះចំណាយ៣,០០០ដុល្លារ ខ្លះ៥,០០០ដុល្លារ រហូតដល់ជាង១ម៉ឺនដុល្លារ ពីឈ្មោះ អៀ គុយប៉ុង ជាម្ចាស់ដីឡូត៍ដើម្បីទុកសង់លំនៅឋានរស់នៅនឹងគេ ប៉ុន្ដែពេលដែលពួកគាត់បោះបង្គោល តាមព្រំដីនោះស្រាប់តែ ឈ្មោះ ជៀម ហៃ និងបក្ខពួករបស់គាត់បានមកដកបង្គោលចោល ដោយអះអាងថា គឺជាដីរបស់ខ្លួន ដូច្នេះប្រជាពលរដ្ឋគ្មានសិទ្ធិកាន់កាប់នោះទេ។
តាមការសាកសួរព័ត៌មាន ពីជម្លោះដីធ្លីនេះពីដំបូងឡើយឈ្មោះ ជៀម ហៃ ជាម្ចាស់កម្មសិទ្ធិ ក្នុងផ្ទៃដី ៥.៥ហិចតា បន្ទាប់មកឈ្មោះនេះ បានលក់ទៅឲ្យឈ្មោះ សាយ សូ ក្នុងតម្លៃប្រមាណ១៦ម៉ឺនដុល្លារ បន្ទាប់មកឈ្មោះ សាយ សូ ក៏បានចាត់តាំងតំណាងរបស់ខ្លួន ឈ្មោះ លី ផេង យកលុយទៅប្រគល់ឲ្យ ឈ្មោះ ជៀម ហៃ ជាង១៤ម៉ឺនដុល្លារ។ សម្រាប់លុយទិញដីទាំងនេះ ឈ្មោះ សាយ សូ គឺបានយកលុយពីឈ្មោះ អៀ គុយប៉ុង ទើបក្រោយមកទៀត ក៏បានផ្ទេរកម្មសិទ្ធិដីទាំងអស់នេះមកឲ្យឈ្មោះ អៀ គុយម៉ុង។ ឈ្មោះ អៀ គុយប៉ុង ក៏បានពុះឡូត៍ដីខាងលើ ទៅឲ្យប្រជាពលរដ្ឋបច្ចុប្បន្ន ប្រមាណ៤០គ្រួសារ ប៉ុន្ដែនៅទីបំផុតបែរឈ្មោះ ជៀម ហៃ និងឈ្មោះ លី ផេង មកដកបង្គោលចោល រហូតកាន់កាប់មកដល់ពេលនេះ។
ប្រជាពលរដ្ឋបាននិយាយទៀតថា ក្រោយពីឈ្មោះ ជៀម ហៃ និងបក្ខពួកមកដកបង្គោលព្រំរបងដី ព្រមទាំងបំផ្លិចបំផ្លាចរោងយាមផងនោះ ក៏ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ដោយចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនា។ ប៉ុន្ដែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទាំង៤០គ្រួសារ មិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយទេ ពីតុលាការខេត្ត។
មិនត្រឹមតែមិនទាន់ទទួលបានពន្លឺយុត្តិធម៌ ស្រាប់តែសំណុំរឿងនេះ ឈ្មោះ ជៀម ហៃ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានសុំអន្ដរាគមន៍ទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ដោយសុំផ្ទេរសមត្ថកិច្ចនៃសំណុំរឿងព្រហ្មទណ្ឌ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ លិខិតសុំអន្ដរាគមន៍នេះ ត្រូវបានលោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌សម្រេចឯកភាព កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ផងដែរ។
ចំពោះការផ្ទេរសមត្ថកិច្ចនៃសំណុំរឿង មកកាន់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា រឹតតែអូសបន្លាយរឿងក្ដីតទៅទៀត ហើយបើកាត់ក្ដីនៅភ្នំពេញ ពួកគាត់មិនមានលទ្ធភាពចូលរួម តាមនីតិវិធីនោះទេ ពីព្រោះគ្មានពេលវេលាគ្រប់គ្រាន់ និងខ្វះខាតថវិកា សម្រាប់ធ្វើសោរហុយទៀតផង។
យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា «ពួកយើងខ្ញុំជាប្រជាជនរងគ្រោះ បាត់បង់ជំនឿលើការស្វែងរកយុត្តិធម៌ ក្នុងករណីដែលសំណុំរឿងបញ្ជូនកាន់តែឆ្ងាយ ព្រោះសម្បីតែសំណុំរឿង នៅត្រឹមខេត្តកំពង់ឆ្នាំង មកទល់នឹងពេលនេះ មិនទាន់ស្វែងរកយុត្តិធម៌ឲ្យពួកយើងខ្ញុំបាននៅឡើយផង ដូច្នេះយើងខ្ញុំសូមស្នើ ឯកឧត្តមរដ្ឋមន្ដ្រី ទុកលទ្ធភាពឲ្យពួកយើងខ្ញុំ ស្វែងរកយុត្តិធម៌នៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងនៅសាលាដំបូងខេត្តកំពង់ឆ្នាំង ហើយប្រសិនបើភាគីណាមួយមិនសុខចិត្ត គឺអាចប្ដឹងទៅសាលាជម្រះក្ដីថ្នាក់លើបន្ដទៀត»៕