(កំពង់ស្ពឺ)៖ ក្នុងការបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាលការលំបាកដល់អ្នកងាយរងគ្រោះបំផុត ដោយគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះ កាកបាទក្រហមកម្ពុជា បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន ចាស់គ្មានទីពឹង គ្រួសារទីទ័លក្រ គ្រួសារជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន១,១០៩គ្រួសារ ស្មើនឹងមនុស្សប្រហែល៤,១៨២នាក់ ដែលមកពីភូមិចំនួន២៥០ ឃុំចំនួន១៣ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ពិធីចែកអំណោយមនុស្សធម៌នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា។ ពិធីនេះត្រូវបាន រៀបចំឡើងនៅទីតាំង២កន្លែង គឺទីតាំងទី១៖ស្ថិតនៅវត្តស្វាយទាប ឃុំស្នំក្រពើ មានប្រជាពលរដ្ឋមកទទួលអំណោយចំនួន ៤៣០គ្រួសារ និងទីតាំងទី២៖ស្ថិតនៅវត្តអង្គព្រះស្រី ឃុំព្រៃញាត្តិ មានប្រជាពលរដ្ឋចំនួន៦៧៩គ្រួសារ។
ជាមួយនឹងមនោសញ្ចេតនាអាណិតស្រឡាញ់ និងក្តីនឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានថ្លែងពីការយកចិត្តទុកដាក់ និងការគិតគូជានិច្ចចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋពីសំណាក់ ថ្នាក់ដឹកនាំ នៃកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ទន្ទឹមនឹងនោះ លោកស្រី ម៉ែន នារីសោភ័គ បាននាំនូវការផ្ដាំផ្ញើពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ និងលុបបំបាត់ជម្រកសត្វមូស ដែលជាប្រភពចម្លងជំងឺផ្សេងៗ។ ចំពោះអ្នកផ្ទុកមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យាជីវិតទៅតាមកាលកំណត់របស់គ្រូពេទ្យ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ដើម្បីបង្ការការឆ្លងមេរោគពីម្តាយទៅកូន និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ហើយក៏សូមឲ្យប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ពីការធ្វើដំណើរតាមដងផ្លូវ ដោយរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ កុំបើកបរហួសល្បឿនកំណត់ ឬជែងគ្នា និងបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងត្រូវសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាហេតុនាំឲ្យមានអំពើហិង្សា និងមហន្តរាយផ្សេងៗ កើតឡើងដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋត្រៀមបង្ការពីការកើនឡើងកម្តៅខ្លាំង ក្នុងរដូវប្រាំងខាងមុខនេះ ដោយត្រូវរក្សាប្រភពទឹកទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ (ទឹក ជាប្រភពនៃជីវិត)។
អំណោយមនុស្សធម៌ ដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង ១ដើម។ ប្រគេនព្រះសង្ឃគង់នៅវត្តទាំងពីរខាងលើ បច្ច័យ និងគ្រឿងឧបភោគ-បរិភោគមួយចំនួន។
ជាការឆ្លើយ តប ប្រជាពលរដ្ឋទាំង១,១០៩គ្រួសារ មានសេចក្ដីសោមនស្សក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា បានចាត់សហការី ចុះមកផ្ដល់អំណោយជូនពួកគាត់ ដែលមានជីវភាពលំបាកទីទ័លក្រពិតប្រាកដ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕