(ភ្នំពេញ)៖ ក្បួនជិះម៉ូតូធំ អន្តរជាតិចំនួន៨០គ្រឿង ដែលធ្វើដំណើរទេសចរណ៍តាមផ្លូវគោក និងមកដល់ភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមការគ្រោងទុក ក្នុងកម្មវិធីពិតប្រាកដមែន ប្រកបដោយសុវត្ថិភាព។
លោក ធួន ស៊ីណាន ប្រធានក្រុមហ៊ុនទេសចរណ៍ B2BCambodia ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះ បានឲ្យដឹងថា ការនាំយកភ្ញៀវក្នុងតំបន់អាស៊ានតាមរយៈ ការជិះម៉ូតូធំ អន្តរជាតិ គឺចូលមកកម្ពុជាតាមផ្លូវគោក បានផ្តល់នូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចមិត្តភាព រវាងជាតិសាសក្នុងតំបន់ និងការធ្វើទេសចរណ៍បែបនេះ ក៏បាននាំយកសន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ ល្អបន្ថែមទៀតផងដែរ។
លោកប្រធានក្រុមហ៊ុន បន្តថា ជាមួយភ្ញៀវទេសចរណ៍បរទេសប្រមាណ១២៧នាក់ មកជាមួយម៉ូតូធំ៨០គ្រឿង ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ជាឱកាសបានស្នាក់នៅកម្ពុជា កីឡាករដែលជិះម៉ូតូមកពីប្រទេសភូមា ម៉ាឡេស៊ី សិង្ហបុរី ថៃ និងបានទៅទស្សនកិច្ចប្រាសាទអង្គរវត្ត ហើយបានបង្ហាញនូវ អត្តសញ្ញាណទេសចរណ៍មួយ បាននាំមកនូវសន្តិភាព ជូនដល់មាតុភូមិកម្ពុជា ដែលនេះគឺជាព្រឹត្តិការណ៍ក្នុងកម្មវិធីមួយ ដើម្បីសប្បុរសធម៌ប្រមូលមូលនិធិ ជួយដល់មន្ទីពេទ្យគន្ធបុប្ផា ហើយមិនមែន បង្កើតកម្មវិធី ដើម្បីរកផលចំណេញ ខាងសេដ្ឋកិច្ចបម្រើឲ្យផលប្រយោជន៍ សម្រាប់ក្រុមហ៊ុនផ្ទាល់ខ្លួន ដូចក្រុមហ៊ុនសេវាកម្មទេសចរ ដ៏ទៃទៀតនោះទេ។
ក្រុមហ៊ុន B2B Cambodia បានរៀបចំកីឡាទេសចរណ៍បែបនេះ មិនមែនទើបតែលើកទី១នោះទេ គឺក្រុមហ៊ុនធ្លាប់ធ្វើជារៀងរាល់ឆ្នាំ មានរៀបចំកីឡាទេសចរណ៍ ជាក្បួនរថយន្តប្រណាំងចេញទៅក្រៅប្រទេស ក៏មានដោយសហការជាមួយប្រទេសជា សមាជិកអាស៊ានទៀតផង ដោយបានការត្រៀមលក្ខណៈទុកជាមុន ធ្វើឲ្យការឆ្លងដែនតាមច្រកចាំយាមខេត្តកោះកុង ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធបានសម្រួល ឲ្យឆ្លងកាត់បានឆាប់រហ័សនូវម៉ូតូ៨០គ្រឿង និងភ្ញៀវជាង១០០នាក់ បានប្រកបដោយសុវត្ថិភាព ។
ឆ្លៀតក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ យប់ថ្ងៃទី១៨វិច្ឆិកានេះ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់កីឡាករជិះម៉ូតូ ទាំងនេះ ហើយបានចាត់ទុកថាកម្ម វិធីជិះម៉ូតូនេះ គឺជាកីឡាទេសចរ នាំមកនូវសក្តានុពលអូសទាញភ្ញៀវបែបនេះ ឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត៕