(រតនគិរី)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី បានចុះសំណេះសំណាល និងដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដែលរស់នៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ ។
នៅក្នុងពិធីចុះសំណេះសំណាលនោះ លោកទេសរដ្ឋមន្រ្តី បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះជីវភាពរស់នៅរបស់បងប្អូន គ្រប់ពេលវេលា។
លោកទេសរដ្ឋមន្រ្តីក៏បាន ជម្រាបអំពីគុណបំណាច់របស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ចំពោះជាតិ មាតុភូមិ ដូចជា ការរំដោះប្រទេសជាតិពីរបប ប៉ុល ពត ការបង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឈ រហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពីធីនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចទាំងទ្វេរ ហើយសន្យាបន្តគាំទ្រ សម្តេចតេជោ និងគណបក្សប្រជាជនជានិច្ច។
ក្រៅពីនេះផងដែរ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលតែងតែឆ្លៀតពេលវេលា ដ៏មមាញឹក ជាពិសេស ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុះជួយពិនិត្យ និងព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋាន ទូទាំងខេត្តរតនគិរី៕