(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល ដើម្បីប្រជុំត្រួតពិនិត្យការងារចុះឈ្មោះបោះឆ្នោត និងបូកសរុបលទ្ធផលការងារគណបក្ស នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១៦ និងការខ្ចប់ទឹកទុកសម្រាប់បង្កើនផលស្រូវប្រាំង។ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូលនេះ បានរៀបចំធ្វើនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅក្នុងកិច្ចប្រជុំនោះ លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់ឃុំនីមួយៗ ឱ្យបន្តជំរុញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះរយៈពេលនៃការចុះឈ្មោះបោះឆ្នោតនៅសល់តែ ១០ ថ្ងៃទៀតតែប៉ុណ្ណោះ។
ក្រៅពីការលើកឡើងខាងលើនេះ អង្គប្រជុំក៏បានធ្វើការពិភាក្សាផងដែរ អំពីស្ថានភាពរួម និងស្ថានភាព ដោយឡែករបស់មូលដ្ឋានឃុំនីមួយៗ ដែលពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោត ឆ្នាំ២០១៨។ ដោយឈរលើមូលដ្ឋាននៃការពិភាក្សានេះ អង្គប្រជុំក៏បានដាក់ចេញនូវវិធានការឈ្នូលមួយចំនួន នៅក្នុងក្របខ័ណ្ឌនៃផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧។
បន្ថែមពីលើនេះ លោក វង្សី វិស្សុត ក៏បានធ្វើការជម្រាបជូនសមាជិក្រុមការងារទាំងអស់ ឱ្យបន្តសកម្មភាពចុះមូលដ្ឋានរបស់ខ្លួន និងត្រូវផ្តល់នូវការគាំទ្រ ទាំងជាស្មារតី និងធនធានដល់ មន្រ្តីបក្សនៅ មូលដ្ឋាន ក្នុងការបម្រើប្រជាជន ដោយភាពស្មោះត្រង់ និងត្រូវខិតខំដោះស្រាយបញ្ហានានា រួមទាំងការថ្នាំងថ្នាក់នានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយរួសរាន់ ពេលវេលាដើម្បីចិញ្ចឹម រក្សាការគាំទ្រ និងបង្កើនការទាក់ទាញ ពិសេសបន្តលុបបំបាត់ ភាពអសកម្មផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងការពង្រឹង ការអនុវត្ត គោលនយោបាយ ភូមិឃុំមាន សុវត្ថិភាព។
លោកបន្តថា ខណៈនេះ មានបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាឃុំមួយចំនួន នៅក្នុងស្រុក មុខកំពូល កំពុងចាប់ផ្តើមបង្កបង្កើនផល ស្រូវប្រាំងជាបណ្តើរៗ លោកបានណែនាំដល់មន្រ្តីទាំងថ្នាក់ ស្រុក និងថ្នាក់ឃុំ ចាត់វិធានការខ្ចប់ទឹកទុក សម្រាប់មប្រើឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋ កុំឱ្យមានការខ្វះខាត៕