Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ឃាត់ខ្លួន​ជន​កំហូចម្នាក់ បន្លំធ្វើជា​ព្រះសង្ឃ​វៀតណាម ដើរ​បិណ្ឌបាត្រ នៅក្នុង​ខេត្តពោធិ៍សាត់

19-11-2016 12:12

(ពោធិ៍សាត់)៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយមន្ត្រីធម្មការខេត្ត បានធ្វើការឃាត់ខ្លួនជនកំហូចម្នាក់ ដែលបន្លំខ្លួនធ្វើជាព្រះសង្ឃវៀតណាម ដើរបិណ្ឌបាត្រ និងដេកស្នាក់នៅក្នុងផ្ទះសំណាក់យីហោ គឹម ម៉េង ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលក្រុង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា អំពើបាបខាងលើនេះ ប្រព្រឹត្តឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជនសង្ស័យនោះមានឈ្មោះ គង់ អាយុ ៥២ឆ្នាំ រស់នៅស្វាយស៊ីសុផុន ជាង៨ឆ្នាំមកហើយ មានស្រុកកំណើតនៅកម្ពុជាក្រោម ហើយធ្លាប់រស់នៅប្រទេសអូស្ត្រាលី។

បន្ទាប់ពីប្រជាពលរដ្ឋមានការងឿយឆ្ងល់ថា ជនសង្ស័យនោះម្តងជិះម៉ូតូស្លៀកពាក់ខោអាវធម្មតា ហើយទើបតែពីរបីថ្ងៃនេះ មានពាក់ស្បង់ចីរវ ឈើច្រត់ និងមួក ភិនភាគដូចព្រះសង្ឃ

វៀតណាម បានរាយការណ៍មកអាជ្ញាធរ រួចមកព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តពោធិ៍សាត់ មន្រ្តីសង្ឃ និងមន្ត្រីធម្មការខេត្ត បានពិនិត្យព្រះឆាយាល័ក្ខណ៍ទើបដឹងថា ជនសង្ស័យនោះ មិនមែនជាព្រះសង្ឃពិតប្រាកដទេ ក៏សម្រេចបកស្បង់ចីវរចេញ ហើយប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមនីតិវិធី។

ជាមួយគ្នានោះ លុយដុល្លារពិតប្រាកដ របស់ជនសង្ស័យដែលផ្គឺនហែកចោលនៅមុខសមត្ថកិច្ច ក៏ត្រូវប្រគល់ជូនឲ្យជនសង្ស័យរក្សាទុកវិញផងដែរ៕