(ភ្នំពេញ)៖ សាលាប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រារព្ធកម្មវិធីសិក្សាបន្ថែម តាមរយៈការសិក្សា «ទស្សនទានព្រះពុទ្ធសាសនា» ជូនដល់សិស្សថ្នាក់ទី៩ ចំនួន ១,៧០៧នាក់ ដែលមកពី ១៦សាខា នៃសាលាប៊ែលធី អន្តរជាតិ ដោយមានព្រះលិខិតបញ្ញា ប៉ែន វិបុល នាយកប្រតិបត្តិ សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំជាធម្មកថិក និមន្តមកសម្តែងធម៌នៅពេលនេះ ។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប ទទួលបន្ទុកសាលាប៊ែលធី អន្តរជាតិ បានឲ្យដឹងថា សាលាប៊ែលធី អន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស ទូទៅរួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្ម វិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធី ប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖
- សិស្សថ្នាក់ទី៩ សិក្សាពីទស្សនទានព្រះពុទ្ធសាសនា
- សិស្សថ្នាក់ទី១០ សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក
- សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជំងឺអេដស៍
- សិស្សថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម
- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
- កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស
- វេទិកាជជែកពិភាក្សាជាសាធារណៈ
- ថ្នាក់ទី៤-ទី៥ ខ្មែរ និងភាសាអង់គ្លេស Level4-5 ទស្សនៈកិច្ចព្រះបរមរាជវាំង
- ថ្នាក់ទី៦ ខ្មែរ និងភាសាអង់គ្លេស Level 6 ទស្សនៈកិច្ចសារមន្ទីរជាតិ
- ថ្នាក់ទី៧ ខ្មែរ និងភាសាអង់គ្លេស Level7 ទស្សនៈកិច្ចសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង
- ថ្នាក់ទី៨ ខ្មែរ និងភាសាអង់គ្លេស Level8 ទស្សនៈកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក
- ថ្នាក់ទី៩ ខ្មែរ និងភាសាអង់គ្លេស Level 9ទស្សនៈកិច្ចសារមន្ទីរជាតិ និងរមណីយភ្នំតាម៉ៅ
- ថ្នាក់ទី១០ ខ្មែរ និងភាសាអង់គ្លេស Level 10 ទស្សនៈកិច្ចព្រះបរមរាជវាំង និង ភ្នំព្រះរាជទ្រព្យឧត្តុង្គ
- ថ្នាក់ទី១១ ខ្មែរ និងភាសាអង់គ្លេស Level 11 ទស្សនៈកិច្ចសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋានគីរីរម្យ
- ថ្នាក់ទី១២ ខ្មែរ និងភាសាអង់គ្លេស Level 12 ទស្សនៈកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក
- ទី៤-កម្មវិធីសិក្សាតាមទូរទស្សន៍៖ សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ
- ទី៥-កម្មវិធីប្រឡងសំណេរ៖ ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ
- ទី៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។
- ទី៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត។

ក្នុងឱកាសនោះផងដែរព្រះលិខិតបញ្ញា ប៉ែន វិបុល បានមានសង្ឃដីកាថា៖ ព្រះតេជគុណនិមន្តមកសម្តែងធម៌នាពេលនេះ ដើម្បីឲ្យសិស្សានុសិស្សសាលាប៊ែលធី អន្តរជាតិ បានយល់ដឹងពីព្រះធម៌ និងលើកតម្លៃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្ជ្រាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្សឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំពង្រឹងសីលធម៌ សុជីវធម៌ និងចរិយាធម៌ ក្នុងសង្គមឲ្យជៀសផុត ពីការប្រើប្រាស់ គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ ការរំលោភសេពសន្ថវៈ យល់ដឹងពីបញ្ហាសុខភាព និងជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើង។ ជាពិសេស យុវជន យុវនារី កុមារា កុមារី ឲ្យប្រព្រឹត្តតែ អំពើល្អ និងខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិទៅថ្ងៃអនាគត ៕